ព័ត៌មានអន្តរជាតិ ៖ រថភ្លើងដឹកទំនិញមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅពោរពេញទៅដោយផ្សែងខ្មួរខ្មាញ់ពេញផ្ទៃអាកាសបន្ទាប់ពីបានបុកជាមួយនឹងឡានដឹកទំនិញក្រោយមកបានបើកធ្លាក់ផ្លូវដែក នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ គេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ។

គួររំឭកផងដែរថា ភាពភ្ញាក់ផ្អើលទូទាំងរដ្ឋ Maryland ត្រូវបានកើតមានឡើងមួយរំពេចខណៈពេលដែលបានលាន់លឺសម្លេងផ្ទុះដ៏កក្រើក អំឡុងពេលនៃការឆាបឆេះ នូវសោកនាដកម្មមួយនេះ។ យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការ មកពីនាយកដ្ឋានពន្លត់អគ្គីភ័យ អោយដឹងថា សំណង់ ពីរ ទៅ បី ដែលនៅជិតកន្លែងកើតហេតុ បានដួលរលំបន្ទាប់ពីមានការផ្ទុះដ៏កក្រើកមួយនោះ។ ទន្ទឺមនឹងនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ត្រូវបានជម្លៀសចេញផងដែរ។

លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថា មូលដ្ឋានដែលបានបណ្តាលអោយកើតមានឡើង នូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏ព្រោះតែរថយន្តដឹកទំនិញធន់ធំ បានព្យាយាមបើកកាត់ពីមុខក្បាលរថភ្លើង ។ គួរបញ្ជាក់ផងដែរថា អ្នកបើកបរឡានដឹកទំនិញធន់ធំមួយនោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីទទួលរងរបួសជាទម្ងន់ ។ សោកនាដកម្មមួយនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលទូទាំងរដ្ឋ ខណៈផ្សែងបានសាយភាយខ្មួរខ្មាញ់ពាសពេញអាកាស ដល់ទៅកំពស់ ២០ ម៉ែត្រ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ