បើសិន​ជាអ្នក​មានប្រាក់ ២លាន​ដុល្លារអាមេរិក អ្នកអាច​ទៅញ៉ាំអាហារ​នៅ​ភោជនិដ្ឋានពិសេស​មួយ​នៅសង្ហបុរី ដែលត្រូវបានគេ​ឃោសនា​ថា មានតម្លៃ​ថ្លៃបំផុតក្នុងលោក។

/

ភោជនិយដ្ឋាន Ce La Vi ស្ថិតនៅជាន់លើគេបង្អស់​របស់សណ្ឋាគារ Marina Bay Sands

ភោជនិយដ្ឋាន Ce La Vi ស្ថិតនៅជាន់លើគេបង្អស់​របស់សណ្ឋាគារ Marina Bay Sands នៅប្រទេស​សឹង្ហបុរី។ ពួកគេ​កំពុង​តែ​សហការណ៍​ជាមួយ​ក្រុម​ហ៊ុនលក់​ពេជ្រ​រុស្ស៊ី  World of Diamonds ដើម្បី​បម្រើ​សេវា​អាហារ​ដ៏ពិសេស​បំផុតក្នុង​លោក។ យោងតាមសេចក្ដីប្រកាស​ កាលពីប៉ុន្មានម៉ោង​មុននេះ ឱ្យដឹងថា សេវាកម្ម​នេះ នឹង​ចំណាយពេលសរុប ៨ម៉ោង​។​

កញ្ចប់សេវាកម្ម​ពិសេសនេះ គឺសម្រាប់តែមនុស្សពីរនាក់ ហើយ​វាចាប់ផ្ដើមដោយការជិះឧទ្ធម្ភាគចក្រ ៤៥នាទី ដែលហោះហើរជុំវិញ​សឹង្ហបុរី។ ក្រៅពីនេះ ក៏មាន​សេវា​ធ្វើដំណើរតាម​នាវា​ទេសចរ​ណ៍លំដាប់ប្រណិត និងការធ្វើដំណើរដោយ​រថយន្ត Rolls-Royce មកកាន់ភោជនិយដ្ឋាន។ នៅពេលមកដល់ភោជនិយដ្ឋាន ភ្ញៀវ​នឹង​ត្រូវបានទទួល​អបអរ​ដោយ​ផ្កាយកុលាបចំនួន ១០០០០ទង និង​អាហារ​មួយពេលដែលមាន​មុខ​ម្ហូបចំនួន ១៨មុខ។

ភោជនិយដ្ឋាន និងក្រុមហ៊ុនរុស្ស៊ី​នេះ បានសន្យា​ថា ក្នុង​ការ​ទទួលទានអាហារ ភ្ញៀវនឹង​បានប្រើ​ចង្កឹះពេជ្រ​ដែលមានឆ្លាក់ឈ្មោះរបស់ខ្លួន។ បណ្ដាមុខម្ហូបក៏​មាន​តម្លៃ​ខ្ពស់ ដូចជា អយស្ទើរ Belon ផ្អកពងត្រី Almas និង​ស្រា​ទំពាំងបាយជូ​ដែលមានអាយុកាល ៤៤ឆ្នាំ ឬ​ ៥៥ឆ្នាំ។

នៅចុង​ពិធីជប់លៀង​ ភ្ញៀវ​នឹង​ទទួលបាន​នូវ​ជំនូន​ជា​ចិញ្ចៀន​មាសដែលមានដាំ​ពេជ្រ​ពណ៌ខៀវ ២,០៨ការ៉ាត។

/

នៅចុង​ពិធីជប់លៀង​ ភ្ញៀវ​នឹង​ទទួលបាន​នូវ​ជំនូន​ជា​ចិញ្ចៀន​មាសដែលមានដាំ​ពេជ្រ​ពណ៌ខៀវ ២,០៨ការ៉ាត

Karan Tilani អគ្គនាយក​ប្រចាំតំបន់អាស៊ី របស់ក្រុមហ៊ុន World of Diamonds ឱ្យដឹងនៅលើទំព័រ Mashable ថា ក្រុមហ៊ុន​នេះ ទទួលបានការចាប់អារម្មណ៍​ខ្លាំង ចំពោះ​ចិញ្ចៀនពេជ្រ​នេះ នៅមុនពេល​សហការណ៍​ជាមួយ​ភោជនិយដ្ឋាន Ce La Vi ។

មកដល់ពេលនេះ ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ មិន​ទាន់ឱ្យដឹង​ថា តើ​ពិធីជប់លៀង​ពិសេសនេះ​នឹង​ត្រូវបានធ្វើឡើងនៅពេលណា​នោះទេ​។ ប៉ុន្តែ​​ឱ្យដឹងថា ពួកគេ​នឹង​ចម្រាញ់​អ្នកដែលបានចុះឈ្មោះ មកនៅត្រឹមពីររូប ដើម្បីទទួលបទពិសោធដ៏មហា​អស្ចារ្យ​នេះ​។

ប្រែសម្រួល ៖ បុត្រា