ក្រុងព្យុងយ៉ាងបានចោទប្រកាន់ចំពោះ ការប្រើប្រាស់ទង់ជាតិរបស់កូរ៉េខាងជើង ក្នុងសមយុទ្ធយោធារបស់ ក្រុងវ៉ាស៊ីងតោន និងសេអ៊ូល ថាជាអំពើបង្កជម្លោះដ៏ខ្លាំងក្លា និងបានប្រកាសថា នឹងបង្កើនការគំរាមកំហែងផ្នែកអាវុធនុយក្លេអែរ។
ទាហានប្រមាណជា ២,០០០នាក់របស់អាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងរថក្រោះ យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានចូលរួមក្នុងសមយុទ្ធយោធារួមគ្នា។ គោលដៅដែលយកមកធ្វើជាការវាយប្រហារក្នុងសមយុទ្ធនេះគឺការប្រតិកម្មតបទៅនឹងការវាយប្រហារនៅតាមព្រំដែន។
កូរ៉េខាងត្បូងបានអោយដឹងថា ទង់ជាតិរបស់កូរ៉េខាងជើង ត្រូវបានប្រើប្រាស់ដើម្បីប្ដេជ្ញាក្នុងការធ្វើអោយបរាជ័យចំពោះការឈ្លានពាន។

សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងដើម្បីរំឭកឡើងវិញនូវការកើតមានសង្គ្រាមកូរ៉េ កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ១៩៥០។ ក្រៅពីសមយុទ្ធខាងលើ ក្រុងវ៉ាស៊ីងតោន និងសេអ៊ូល ក៏បានធ្វើការហ្វឹកហាត់ផ្នែកយោធានៅលើសមុទ្រលឿង ក្នុងរយៈពេល ៣ថ្ងៃ ដោយបានប្រើប្រាស់យន្ដហោះចម្បាំង នាវាចម្បាំង រួមនឹងនាវាដឹកយន្ដហោះអាមេរិកផងដែរ។
ឆ្លើយតបទៅនឹងព្រឹតិការណ៍ខាងលើ ក្រសួងការបរទេសកូរ៉េខាងជើង អះអាងថា ការប្រើប្រាស់ទង់ជាតិកូរ៉េខាងជើងធ្វើជាគោលដៅក្នុងការហាត់បាញ់ គឺជារូបភាពដែលលេចធ្លោបំផុតសម្រាប់ភាពឃោរឃៅរបស់អាមេរិក។ ការប្រកាសបានអោយដឹងថា នេះគឺជាសកម្មភាពយោធាប្រកបដោយភាពគ្រោះថ្នាក់ និងបង្កជម្លោះ ដែលទាក់ទឹននឹងនយោបាយ នៅពេលបាញ់គ្រាប់កាំភ្លើងសំដៅលើទង់ជាតិរបស់ប្រទេសមួយដែលនៅមានវត្តមាន ដោយមិនបានប្រកាសសង្គ្រាម។
នៅក្នុងប្រកាសថ្មីបំផុតនេះ កូរ៉េខាងជើងបានចោទប្រកាន់អាមេរិក ថាចង់លេបយកឧបទ្វីបកូរ៉េ ទាំងស្រុង ហើយអាវុធនុយក្លេអែរ នឹងជា ដៅអាជ្ញាសឹកដ៏មានតម្លៃ និងខ្លាំងក្លា ដើម្បីទប់ស្កាត់សង្គាមក៏ដូចជារក្សាសន្ដិភាព និងស្ថេរភាព ក្នុងតំបន់។ កូរ៉េខាងជើងក៏បានប្រកាសថា ៖ នឹងបន្ដការគំរាមផ្នែកនុយក្លេអែរ ដើម្បីការពារខ្លួននៅចំពោះសត្រូវទាំងឡាយ រហូតដល់អាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអែរធំបំផុតក្នុងលោក លែងធ្វើគោលនយោបាយជាសត្រូវជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានអោយដឹងថា ក្រុមអ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងរុស្ស៊ី នឹងមានកិច្ចប្រជុំមួយនៅក្រុងសេអ៊ូល ដើម្បីពិភាក្សារកវិធីសាស្ដ្រដែលអាចកែលំអមកវិញនូវកិច្ចចចារ ៦ភាគីស្ដីពីនុយក្លេអែរ ដែលរួមមានប្រទេសរុស្ស៊ី អាមេរិក កូរ៉េខាងជើង ជប៉ុន ចិន និងកូរ៉េខាងត្បូង ដែលបានអាក់ខានតាំងពីខែធ្នូ ឆ្នាំ ២០០៨៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing