ដូចដែលយើងទាំងអស់គ្នាបានដឹង កាលពីថ្ងៃទី ៩កញ្ញាកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសឧទ្ទេសនាមស្មាតហ្វូនកំពូលរបស់ខ្លួន គឺ iPhone 6s និង iPhone 6s Plus ដែលមាន ព័ណ៌ rose gold ជាពិសេស។ ក្នុងអំឡុងពេល iPhone 6s និង iPhone 6s Plus កំពុងវាយលុកទីផ្សារពិភពលោក ក៏ស្រាបតែទំព័រ GizmoChina ចុះផ្សាយនូវរូបដំបូងនៃកំណែ iPhone តម្លៃទាប។

/

ប្រភពពីប្រទេសចិននេះ បានឱ្យដឹងថា វាគឺជា​ iPhone 6s mini ដែលធ្លាប់មានពាក្យចចាមអារ៉ាមកន្លងមក។ ក្រៅពីនេះ iPhone 6s mini ក៏ត្រូវបានគេនិយាយថា មាន ព័ណ៌ rose gold ដូចទៅនឹង iPhone 6s និង iPhone 6s Plus ផងដែរ។ iPhone 6s mini មានរូបរាងតូចជាង បើប្រៀបធៀបនឹង iPhone 6 និង iPhone 6s។ iPhone 6s mini អាចនឹងមានអេក្រង់ 4 inch។

នៅពេលពិនិត្យមើលឱ្យបានលំអិត​ គេដឹងថា ទាំងរូបរាង ទាំងរន្ធប្រដាប់បន្លឺសម្លេង ឬគ្រាប់ចុចរឹង និងព័ណ៌ ជាដើម គឺដូចទៅនឹង iPhone 6s និង iPhone 6s Plus ប៉ុន្តែវាក្រាស់ជាងបន្តិច និងមិនមានអក្សរ S នៅខាងខ្នងនោះទេ។

ប្រភពដំណឹងឱ្យដឹងថា ហាតវ៉ែរ ដូចជា ថ្ម RAM និងអេក្រង់ របស់ Phone 6s mini អាចនឹងត្រូវបានគេកាត់បន្ថយដើម្បីនាំមកនូវតម្លៃទាបសម្រាប់អតិថិជន។ ប៉ុន្តែ ជំនួសមកវិញ Apple នឹងបំពាក់ប្រូសេសឺរ A9 លំដាប់ខ្ពស់ ដើម្បីជួយឱ្យការលេងហ្គេម និងការធ្វើការរបស់អតិថិជន ដំណើរការបានរលូន។

ពិសេសជាងនេះ គេឃើញថា iPhone 6s mini ដែលបង្ហាញខ្លួនក្នុងរូបថតលេចធ្លាយនោះ កំពុងដំណើរការដោយ iOS 8 ដែលនេះគឺជាវិធីមួយជួយឱ្យម៉ាស៊ីនដំណើរការប្រសើរ ជាមួយនឹងគ្រឿងម៉ាស៊ីនដែលត្រូវបានកាត់បន្ថយ។ បើសិនមិនមានការផ្លាស់ប្ដូរទេនោះ គេអាចសន្និដ្ឋានបានថា iPhone 6s mini នឹងត្រូវបានបង្ហាញខ្លួននារដូវផ្ការីកឆ្នាំនេះ ហើយវានឹងក្លាយជាស្មាតហ្វូនតម្លៃទាបដំបូងគេ របស់ក្រុមហ៊ុន Apple។

/

យ៉ាងនេះក្ដី iPhone 6s mini ប្រហែលជានឹងមិនមាននៅក្នុងលោកនោះទេ ព្រោះថា បើសិនយើងមើលទៅលើអតិតកាលរបស់ iPhone 5c ដែលបានចេញមុខកាលពី ២ឆ្នាំមុន នោះប្រាកដណាស់ថា Apple នឹងមិនចង់ដើរតាមគន្លងចាស់ជាថ្មី ដោយសារថា ប្រាក់ចំណូលដែលបានមកពីស្មាតហ្វូនតម្លៃទាបរបស់ Apple មិនត្រូវបានគេចាត់ទុកថាជាជោគជ័យនោះឡើយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ WCCFtech