Samsung បានឱ្យដឹងថា ពេលណាដែលមិនទាន់បានពិនិត្យផ្ទាល់ គឺមិនទាន់អាចកំណត់បានថា មូលហេតុនៃការឆេះ Note 7 គឺពាក់ព័ន្ធនឹងថ្មដែលបានប្ដូរថ្មី។
ក្រោយពីមានការរអ៊ូរទាំអំពីបញ្ហានៅលើ Note 7 ដែលបានប្ដូរថ្មី ត្រូវឡើងកំដៅខ្លាំង ក្រុមហ៊ុន Samsung បានព្យាយាម “ធានា” ខ្លួនឯងថា ៖ ថ្មក្ដៅ មិនមែនជាបញ្ហា។ ប៉ុន្តែ បញ្ហាបានកើតឡើងពិតប្រាកដ បន្ទាប់ពី Galaxy Note 7 ដែលត្រូវបានប្ដូរថ្មថ្មី នៅតែ “ឆេះ” នៅលើយន្តហោះ។

យោងតាមរបាយការណ៍ថ្មីៗនេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ឈ្មោះSouthwest ត្រូវបង្ខំចិត្តចុះចត ដោយសារតែ Galaxy Note 7 ត្រូវឆេះនៅលើយន្តហោះ។ ក្រុមអ្នកស៊ើបអង្កេតអះអាងថា ស្មាតហ្វូនរបស់ Samsung គឺជាមូលហេតុនាំឱ្យមានបញ្ហា។ អ្នកដំណើរ និងបុគ្គលិកទាំងអស់នៅលើយន្តហោះ បានចាកចេញពីយន្តហោះដោយសុវត្ថិភាព។
លោក Brian Green ដែលជាម្ចាស់ស្មាតហ្វូនខាងលើ បានឱ្យដឹងថា ខ្លួនបានទទួលស្មាតហ្វូនដែលបានប្ដូរថ្មីនេះពីហាងមួយរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ AT&T កាលពីថ្ងៃទី ២១កញ្ញា។ ម៉ាស៊ីននេះ មានរូបសញ្ញាបួនជ្រុងពណ៌ខ្មៅនៅខាងក្រោយនៃប្រអប់ និងមានសញ្ញាបង្ហាញអំពីស្ថានភាពថ្មពណ៌ខៀវ។ ក្រុមហ៊ុន Samsung ធ្លាប់បាននិយាយថា ទាំងពីរនេះគឺជាសញ្ញាប្រាប់ថា Note 7 ដែលអ្នកកំពុងប្រើប្រាស់គឺជាស្មាតហ្វូនដែលត្រូវបានប្ដូរថ្មថ្មី និងមានសុវត្ថិភាព។ អ្វីដែលគួរនិយាយនោះគឺថា Brian Green បានឱ្យដឹងថា មុនពេលបញ្ហាកើតឡើង ខ្លួនបានបិទម៉ាស៊ីនទៅតាមការស្នើរបស់ថ្ម ហើយបានដាក់វាក្នុងហោប៉ៅខោ។
Samsung បានឆ្លើយតបទៅនឹងព័ត៌មានខាងលើ។ អ្នកនាំពាក្យរបស់ Samsung ឱ្យដឹងថា ៖ “មកដល់ពេលនេះ យើងខ្ញុំមិនទាន់បានពិនិត្យផ្ទាល់លើស្មាតហ្វូណដែលមានបញ្ហា ហើយយើងខ្ញុំក៏មិនអាចអះអាងបានថា បញ្ហានេះវាមានទាក់ទឹននឹង Note 7 ដែរ ឬយ៉ាងណា។ល។ នៅពេលយើងបានពិនិត្យផ្ទាល់ យើងនឹងចែករំលែកព័ត៌មាននេះ”។ បើសិន Samsung អាចបញ្ជាក់បានថា បញ្ហាកើតឡើងចំពោះស្មាតហ្វូនមួយក្នុងចំណោម Note 7 ដែលបានប្ដូរថ្មថ្មី នោះវានឹងជះឥទ្ធិពលអាក្រក់ដល់កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុននេះនឹងកាន់តែមានការលំបាកក្នុងការស្ដារទំនុកចិត្ត៕
ប្រែសម្រួល ៖ តារាប្រភព ៖ theverge/ genk