ថ្មីៗនេះ ក្រុមសិក្សាស្រាវជ្រាវមួយ មកពីសកលវិទ្យាល័យ UC Davis អាមេរិក បានប្រកាសនៅលើទស្សនាវដ្ដី​ PLoS Pathogens​ ថាមេរោគ HIV អាចត្រូវបានកំចាត់ទាំងស្រុង​ក្នុងរាងកាយមនុស្ស ដោយប្រើប្រាស់ថ្នាំប្រឆាំងមហារីក។

វិធីសាស្ដ្រព្យាបាលជម្ងឺ HIV ដែលមានប្រសិទ្ធភាពបំផុតនាបច្ចុប្បន្ន នោះគឺ ការព្យាបាលតាមបែប retrovirus (ART)ប៉ុន្តែវិធីនេះ អាចកំចាត់តែមេរោគ HIV ដែលនៅក្នុងសរសៃឈាម ហើយ វាមិនអាចប៉ះពាល់ដល់មេរោគដែលនៅលាក់ខ្លួនក្នុងរាងកាយ។

/

យុទ្ធសាស្ដ្រ កំចាត់ទាំងពូជ ដែលក្រុមអ្នកវិទ្យាសាស្ដ្រទើបតែរកឃើញនេះ ត្រូវបានគេចាត់ទុកដូចជាគន្លឹះ ដើម្បីព្យាបាលជម្ងឺ HIV។ អ្នកវិទ្យាសាស្ដ្រនឹងប្រើថ្នាំដើម្បីដាស់បណ្ដាមេរោគ HIV ដែលកំពុងលាក់ខ្លួនក្នុងរាងកាយ ហើយនៅពេលវាចូលមកក្នុងសរសៃឈាម នោះថ្នាំប្រភេទផ្សេងនឹងសម្លាប់ពួកវា។

ប្រភេទថ្នាំដែលក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យវេជ្ជសាស្ដ្រ UC Davis ប្រើប្រាស់ នោះគឺ PEP005 ដែលជាសមាសធាតុសំខាន់ក្នុងការព្យាបាលជម្ងឺមហារីកស្បែក។ ពួកគេ បានពិសោធប្រភេទថ្នាំនេះ នៅលើកោសិកាដែលគេចិញ្ចឹមក្នុងមន្ទីរពិសោធ និងនៅលើកោសិកាមហារីកដែលបានពីអ្នកជម្ងឺ HIV ចំនួន ១៣នាក់។

លទ្ធផលបានបង្ហាញថា ថ្នាំ PEP005 អាចដាស់បណ្ដាវីរូស HIV ដែលកំពុងលាក់ខ្លួនក្នុងរាងកាយ ហើយថ្នាំនេះ ត្រូវបានគេចាត់ទុកថាជាថ្នាំនាំមុខគេក្នុងការប្រឆាំងនឹងមេរោគ HIV នាបច្ចុប្បន្ន។

វេជ្ជបណ្ឌិត Satya Dandekar ដែលជាអ្នកបានចូលរួមក្នុងក្រុមស្រាវជ្រាវនេះ ថ្លែងថា ៖ យើងខ្ញុំសប្បាយរីករាយណាស់ នៅពេលរកឃើញថ្នាំដែលដាស់ និងសម្លាប់មេរោគ HIV ពិសេសគឺថ្នាំនេះ ត្រូវបានទទួលស្គាល់ និងមានច្បាប់ដើម្បីប្រើប្រាស់នៅលើអ្នកជម្ងឺ។

ក៏ប៉ុន្តែ មកដល់ពេលនេះ ប្រភេទថ្នាំនេះ​នៅមិនទាន់ត្រូវបានពិសោធនៅលើរាងកាយអ្នកជម្ងឺ HIV នៅឡើយ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាឆាប់ៗខាងមុខ ថ្នាំនេះនឹងត្រូវបានយកទៅធ្វើការពិសោធក្នុងរយៈពេលយូរមិនខាន។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ iflscience