ក្រុមអ្នកវិទ្យាសាស្ដ្រ ស្វីស ប្រកាសថា បានរកឃើញចំនុចមួយនៅក្នុងខួរក្បាល មានលទ្ធភាពបង្កើតជាអារម្មណ៍មួយ ដែលអាចបង្ហាញអំពីព្រលឹង ឬស្រមោលខ្មោច នៅក្បែររាងកាយ ក្នុងពេលមនុស្សម្នាក់ នៅតែឯង។ ក្រុមអ្នកស្រាវជ្រាវ ក៏អាចបង្កើតអារម្មណ៍ដូច្នេះ នៅក្នុងបន្ទប់ពិសោធ។
បណ្ឌិត Giulio Rognini មកសកលវិទ្យាល័យ Lausane (EPFL) រួមនឹងសហការីរបស់ខ្លួន ឱ្យដឹងថា ក្រុមមនុស្សដែលតែងជួបខ្មោច គឺជាមនុស្សដែលធ្លាប់ឆ្លងកាត់ស្ថានភាព ឬទីកន្លែងពិសេសៗ ដូចជា ក្រុមអ្នកឡើងភ្នំ អ្នកដើរព្រៃ អ្នកដើរយប់ ឬអ្នកមានបញ្ហាសតិ។ល។
លោក Rognini ថ្លែងថា បណ្ដាមនុស្សប្រភេទខាងលើនេះ មានអារម្មណ៍ថាឃើញស្រមោលយ៉ាងពិតៗ ពោលគឺពួកគេយល់ថា ខ្លួនបានឃើញមនុស្សណាម្នាក់ នៅពីក្រោយខ្នង ប៉ុន្ដែ វាគ្រាន់តែជាការស្រមៃ គឺមិនបានមើលឃើញនោះទេ “ប្រការដែលគួរឱ្យចាប់អារម្មណ៍គឺថា ពួកគេតែងរៀបរាប់ថា ស្រមោល ឬព្រលឹងនោះ ជួនកាលធ្វើតាមកាយវិការរបស់ពួកគេ”។
ដើម្បីបកស្រាយអំពីបញ្ហាខាងលើ ក្រុមអ្នកវិទ្យាសាស្ដ្រ បានស្កេនខួរក្បាលរបស់មនុស្សចំនួន ១២នាក់ ដែលមានបញ្ហាសតិ និងធ្លាប់ប្រាប់ថា ពួកគេធ្លាប់ឃើញខ្មោច។ ក្រោយពីការស្ដេនខួរក្បាល អ្នកវិទ្យាសាស្ដ្ររកឃើញថា ពួកគេមានរបួសខួរក្បាលនៅត្រង់ចំនុចដូចគ្នា ជាកន្លែងដែលទទួលភារកិច្ចទៅលើការទទួលដឹង ទទួលឥទ្ធិពល។
ក្រោយមក ការពិសោធមួយទៀតក៏ត្រូវបានធ្វើឡើង ទៅលើមនុស្ស ៤៨នាក់ ដែលមានរាងកាយមាំមួន មានសតិល្អ និងមិនធ្លាប់ជួបប្រទះខ្មោច ដោយអ្នកវិទ្យាសាស្ដ្រ បានប្ដូរសញ្ញាលើសរសៃប្រសាទ ក្នុងខួរក្បាលរបស់ពួកគេ។
អ្នកស្ម័គ្រចិត្តក្នុងការពិសោធ ត្រូវបានអ្នកជំនាញ ស្នើឱ្យបញ្ជាទៅលើរ៉ូបូតមួយ ដោយប្រើដៃ ដែលនៅខាងមុខ ទន្ទឹមនឹងនេះ រ៉ូបូតផ្សេងមួយទៀត ត្រូវបានដាក់នៅពីខាងក្រោយ ដើម្បីធ្វើត្រាបតាមសកម្មភាព។ នៅពេលសកម្មភាពខាងមុខ និងខាងក្រោយខ្នង កើតឡើងក្នុងពេលតែមួយ គេឃើញថា ក្រុមមនុស្សនេះ មិនបានកើតមានអារម្មណ៍ចម្លែកនោះទេ។
ក៏ប៉ុន្ដែ នៅពេលសកម្មភាពខាងមុខ និងខាងក្រោយ កើតឡើងក្នុងពេលខុសគ្នា គេឃើញថា ១ភាគ៣នៃក្រុមមនុស្សនេះ មានអារម្មណ៍ថា ដូចជាមានស្រមោលខ្មោច បង្ហាញខ្លួនក្នុងបន្ទប់ ហើយអ្នកខ្លះយល់ថា មានស្រមោលខ្មោចដល់ទៅ ៤នាក់ បង្ហាញខ្លួននៅទីនោះ។ ទន្ទឹមនឹងនេះ ក៏មានមនុស្ស ២នាក់ មានអារម្មណ៍ភ័យខ្លាច រហូតដល់ស្មើឱ្យគេបញ្ឈប់ការពិសោធភ្លាមៗ។
ក្រុមអ្នកវិទ្យាសាស្ដ្របកស្រាយថា ភាពចម្លែក ត្រូវបានបង្កើតឡើងដោយរ៉ូបូត ដែលធ្វើឱ្យចំនុចមួយនៅក្នុងខួរក្បាលមានការប្ដូរផ្លាស់ជាបណ្ដោះអាសន្ន។ ពេលមានអារម្មណ៍ឃើញខ្មោច ក៏ជាពេលដែលខួរក្បាលកំពុងច្រឡំ ដោយសារការគិតខុសអំពីទីតាំងរបស់ខ្លួន ហើយស្រមៃថា មានអ្នកណាម្នាក់កំពុងនៅក្បែរខ្លួន។
បណ្ឌិត Rognini បកស្រាយថា ៖ “ខួរក្បាលរបស់យើង មានវិធី “បង្ហាញ” រាងកាយរបស់ខ្លួនក្នុងបរិយាកាស និងក្នុងលក្ខខណ្ឌធម្មតា ហើយទទួលអារម្មណ៍អំពីខ្លួនឯងបានល្អបំផុត។ ប៉ុន្ដែ នៅពេលប្រព័ន្ធនេះមានបញ្ហា ដោយសារជម្ងឺ (ក្នុងករណីនេះ គឺដោយសាររ៉ូបូត) វាអាចនឹងបង្កើតបានជាការ “បង្ហាញខ្លួន” របស់មនុស្សដែលមានជម្ងឺនោះ”។
ក្រុមអ្នកវិទ្យាសាស្ដ្រនេះ យល់ថា ការរកឃើញរបស់ពួកគេ អាចជួយស្វែងយល់លំអិតជាងនេះ ទៅលើអ្នកជម្ងឺសរសៃប្រសាទ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Livescience/Youtube