អាម៉ុក គឺជាមុខម្ហូបមួយមុខ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តពិសា និងមានលក់នៅតាមហាង អាហារ ​និងភោជនីយដ្ឋាននានា តែយើងកម្របានឃើញ អាហារមួយមុខនេះ ធ្វើនៅតាមផ្ទះសម្រាប់បរិភោគជាលក្ខណៈគ្រួសារណាស់។ ដូច្នេះ Camnews សូមណែនាំរបៀបធ្វើអាម៉ុកដល់អ្នកម្តាយ និងស្ត្រីៗមេផ្ទះ ដែលចង់ចេះ​នឹងធ្វើវាសម្រាប់បរិភោគ នៅក្នុងគ្រួសារដោយមិនចាំបាច់ទៅទិញ នៅតាមអាហារដ្ឋាន។

គ្រឿង៖ ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម លីងហើយបុកលាយចូលគ្នា អោយម៉ដ្ឋ។ 

  • សាច់ត្រីសុទ្ធ មួយគីឡូ កាត់ដុំៗ 
  • ទឹកត្រី ៥ស្លាបព្រាបាយ 
  • អំបិល ចុងស្លាបព្រាកាហ្វេ 
  • ស្ករ ១ស្លាបព្រា 
  • ទឹកខ្ទិះដូង មួយកំប៉ុង 
  • ម្សៅមី ១ស្លាបព្រា 
  • ពងមាន់ពីរ 
  • ទឹកមួយកំប៉ុង 
  • ស្លឹកក្រូចហាន់ឆ្មារៗ 
  • សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ 
  • ត្រួយញ ឬស្លឹកខាត់ណាខ្ចី 

របៀបធ្វើ៖  ១. ដាក់ក្បាលខ្ទិះ កូរអោយឈ្ងុយ ទាល់តែឡើងប្រេង ទើបដាក់គ្រឿងបុកម៉ដ្ឋ ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយ។  ២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ  ៣. ចាក់ត្រីចូល កូរអោយសព្វ  ៤. យកខ្ទិះដូងដែលនៅសល់ លាយទឹក ពងមាន់ និង ម្សៅ ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចេញ 

/ ៥. យកស្លឹកចេក មកចាប់ខ្ទាស់ជាកន្ទោង  ៦. យកស្លឹកខាត់ណា បត់ដាក់តម្រៀបក្នុងកន្ទោង  ៧. ដួសសាច់ត្រីកូរ ចាក់ចូលក្នុងកន្ទោង  ៨. យកកន្ទោងទាំងអស់ តម្រៀបក្នុងឆ្នាំងចំហុយ រូចហើយរោយសរសៃស្លឹកក្រូចសើច និងម្ទេសពីលើ ដាក់ចំហុយ ៥ ទៅ ១៥នាទី  ៩. ពេលឆ្អិន លើកចុះ បរិភោគភ្លាមៗ ទាន់នៅក្តៅ 

/ ចំណាំ៖ បើចង់ចំហុយដាក់ក្នុងដូងខ្ចីដុត សូមយកសាច់ត្រីកូរគ្រឿង ចំហុយអោយឆ្អិនសិន ទើបចាក់ចូលផ្លែដូង ទើបចំហុយមួយសាទៀត យកមុខលំអ អោយស្អាត គ្មានឃើញស្នាមវែកដួស ៕

/

ដោយ៖ សារ៉ាត

ប្រភព៖ camboeyes