ដើម្បីកាត់បន្ថយករណីកុមារត្រូវបានពុកម្ដាយបោះបង់ចោល នៅតាមដងផ្លូវ អាជ្ញាធរប្រទេសចិន បានសាងសង់មជ្ឈមណ្ឌលគាំពារសង្គម ចំនួន ២៥កន្លែង ដែលមាននៅក្នុងខែត្រ និងក្រុងចំនួន ១០។ ជារៀងរាល់ថ្ងៃ ទិដ្ឋភាពនៃការបោះបង់កូន នៅក្នុងមជ្ឈមណ្ឌលនេះ ធ្វើឱ្យគេមិនអាចទប់ទឹកភ្នែកបាន។

/

ទំព័រ News របស់អូស្ដ្រាលី ដកស្រង់ព័ត៌មានពីប្រទេសចិន ឱ្យដឹងថា បណ្ដាមជ្ឈមណ្ឌលគាំពារកុមារកំព្រានេះ ត្រូវបានគេហៅថា “baby hatch” ។ Baby hatch ជាកន្លែងទទួលចិញ្ចឹម និងថែទាំ កុមារដែលត្រូវពុកម្ដាយបោះបង់ចោល ហើយកុមារមួយចំនួនធំ ក៏ត្រូវបានគ្រួសារដែលចង់បានកូន សុំយកទៅចិញ្ចឹម។

/

ការបោះបង់កូន គឺជាអំពើខុសច្បាប់ នៅប្រទេសចិន ដូច្នេះ ពុកម្ដាយដែលមិនមានលទ្ធភាពចិញ្ចឹមកូន តែងតែយកមក “ចោល” នៅទីនេះ ដោយសង្ឃឹមថា នឹងមានសុវត្ថិភាព និងអនាគតល្អ ជាងនៅតាមដងផ្លូវ។

/

ម្ដាយ​រុញ​ឱ្យ​កូន​ទៅ​ ក្នុង​បំណង​បោះ​បង់​កូន​

មូលហេតុដែលបណ្ដាលឱ្យកុមារមួយចំនួនធំ ត្រូវពុកម្ដាយបោះបង់ចោល គឺពួកគេមានជម្ងឺផ្សេងៗ ហើយពុកម្ដាយមិនមានលទ្ធភាពព្យាបាល ក្រៅពីនេះ គោលនយោបាយកូនមួយ របស់ចិន ក៏ជាកត្តារួមចំណែកផងដែរ ឱ្យមានការបោះបង់កូន នេះដែរ។

/

ប្ដី​ប្រពន្ធ​មួយ​គូ កំពុងយំ និង​ឱប​កូន​ជា​លើក​ចុង​ក្រោយ នៅ​ចំពោះ​មុខ​បុគ្គ​លិក​មជ្ឈ​មណ្ឌល

ការបង្កើតមជ្ឈមណ្ឌលទាំងនេះ ក្រៅពីត្រូវគេសរសើរ ក៏មានមតិជាច្រើន យល់ថា វាជាការលើកទឹកចិត្ត ឱ្យពុកម្ដាយ បោះបង់កូនរបស់ខ្លួន នៅពេលជួបបញ្ហាក្នុងជីវិត។

/

ថ្លែងនៅលើទំព័រ South China Morning Post អ្នកម្ដាយម្នាក់ដែលបានបោះបង់កូនរបស់ខ្លួន ឱ្យដឹងថា ៖ “កូនរបស់ខ្ញុំ មានជម្ងឺ ហើយវានឹងមិនអាចមើលថែខ្លួនឯងបាន នៅពេលវាធំឡើង។ ខ្ញុំគ្រាន់តែចង់ឱ្យកូន នៅមានជីវិតនឹងគេ”។

/

/

សប្បុរស​ជន មក​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា

ជាទូទៅ ពុកម្ដាយ តែងដាក់កូនរបស់ខ្លួនចោល នៅក្នុងបន្ទប់រង់ចាំ រួចចុចកណ្ដឹង ហើយក៏ចាកចេញទៅ មុននឹងបុគ្គលិកមណ្ឌលមកដល់។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SCMP/NEWS