អ្នកគ្រប់គ្រងធនាគារជាតិ នៅឥណ្ឌា ត្រូវបានគេផ្ដល់ប្រាក់ខែ ច្រើនជាងអ្នកលក់នំប៉័ង hamburger របស់ហាង McDonald និង Burger King នៅព្រលានយន្ដហោះ Los Angeles តែបន្តិចប៉ុណ្ណោះ។

លោកស្រី Arundhati Bhattacharya ជាអគ្គនាយិកានៃធនាគារជាតិឥណ្ឌា
នេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ព្រោះថា បុគ្គលិកលក់នំប៉័ង hamburger នៅព្រលានយន្ដហោះ Los Angeles ទទួលបានប្រាក់បៀវត្ស ប្រហែល ១១,៣ដុល្លារ/ម៉ោង ចំណែកអគ្គនាយកធនាគារជាតិនៅឥណ្ឌា ទទួលបានប្រាក់បៀវត្ស ប្រហែល ១១,៤ដុល្លារ/ម៉ោង។
បណ្ដាអ្នកគ្រប់គ្រងធនាគារនៅឥណ្ឌា ក៏មិនបានទទួលអត្ថប្រយោជន៍ផ្សេងៗ បើធៀបនឹងតំណែងដូចគ្នា នៅអាមេរិក ៖ រថយន្ដមួយគ្រឿង អ្នកបើកបរម្នាក់ និងផ្ទះស្នាក់នៅដោយមិនគិតថ្លៃ។
ជាក់ស្ដែង ធនាគារជាតិធំៗចំនួន ៥ របស់ឥណ្ឌា បានផ្ដល់ប្រាក់បៀវត្ស ២,៥លានរូពី/ឆ្នាំ ដល់អ្នកគ្រប់គ្រងថ្នាក់កំពូលរបស់ខ្លួន (ប្រហែលជាង ៣២.៤០០ដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យថ្មីបំផុត។
នៅពេលគេចែកជាមធ្យម (៦០ម៉ោង រួមទាំងថ្ងៃសៅរ៍) នោះគេឃើញថា ក្នុង ១ម៉ោង បណ្ដាអគ្គនាយកធនាគារជាតិ ទទួលបាន ១០៥ រូពី គឺប្រហែលនឹង ១១,៤ដុល្លារអាមេរិក។ បុគ្គលិកធម្មតាម្នាក់នៃធនាគារជាតិ ទទួលបានប្រាក់ខែជិត ២០.០០០រូពី/ខែ ស្មើនឹង ១,៧ដុល្លារ/ម៉ោង។ រីឯធនាគារឯកជន ក៏ផ្ដល់ប្រាក់ខែតិច ពោលគឺច្រើនជាងនេះ តែ ៥%ប៉ុណ្ណោះ។
កត្តាប្រាក់ខែទាប បានបណ្ដាលឱ្យធនាគាររដ្ឋ ខ្វះសមត្ថភាពដើម្បីប្រកួតប្រជែងនៅលើទីផ្សារហិរញ្ញវត្ថុ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលរបស់ឥណ្ឌា។ ប្រាក់ខែទាបនៅបណ្ដាធនាគារជាតិ ក៏ធ្លាប់ជាកត្តាមួយ ធ្វើឱ្យបុគ្គលិករាប់លាននាក់ ព្រមានអំពីការធ្វើកូដកម្មនៅក្នុងខែមិនាខាងមុខ ប្រសិនសំណើរដំឡើងប្រាក់ខែ ១៩,៥% មិនត្រូវបានគេយល់ព្រម។

អ្នកដុតនំរបស់ហាង McDonald ទទួលបានប្រាក់ខែខ្ពស់
ការប្រៀបធៀបជាមួយចិន
នៅប្រទេសចិន ធនាគារជាតិធំៗចំនួន ៥ ផ្ដល់ប្រាក់បៀវត្ស ១,៧លានយ័ន ដល់បុគ្គលិករបស់ខ្លួន ហើយបើគិតជាមធ្យម ស្មើនឹង ២៧,២០០ដុល្លារ/ឆ្នាំ រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ។ បណ្ដាធនាគារឯកជន បានផ្ដល់ប្រាក់បៀវត្សច្រើនជាងនេះ ៣០% នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ។ ដោយឡែក បុគ្គលិកថ្នាក់កណ្ដាលនៃធនាគារឯកជន ទទួលបានប្រាក់រង្វាន់ច្រើនជាងទ្វេដង ធៀបនឹងបុគ្គលិកធនាគារជាតិ។
បុគ្គលិកធនាគារជាតិ មានបទពិសោធ និងសមត្ថភាពខ្សោយ
ក្រោយពីបានធ្វើការជាច្រើនសិបឆ្នាំនៅធនាគារជាតិ បុគ្គលិកទាំងឡាយ ត្រូវបានគេជឿថា នៅតែខ្វះសមត្ថភាព និងមានបទពិសោធទាប បើធៀបនឹងបុគ្គលិកធនាគារឯកជន។ ប៉ុន្ដែ បណ្ដាបុគ្គលិកធនាគារជាតិឥណ្ឌា ហាក់មិនចង់បោះបង់ការងារនេះ ព្រោះថា ពួកគេនឹងទទួលបានប្រាក់បៀវត្សនៅពេលចូលនិវត្តន៍៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bloomberg