និស្សិតជនជាតិប៊ែលហ្សិកម្នាក់ បានរៀបរាប់អំពីជីវភាពរស់នៅ នៅឯសកលវិទ្យាល័យ គីម អ៊ីលស៊ុង ៖ មិត្តរួមថ្នាក់របស់ខ្ញុំ តែងនិយាយថា ទេ ចំពោះរឿងផ្លូវភេទ គ្រឿងញៀន និងតន្រ្ដី rock-and-roll។

Alessandro Ford គឺជានិស្សិតអឺរ៉ុបដំបូងគេ ដែលបានមកសិក្សានៅសកលវិទ្យាល័យ គីម អ៊ីលស៊ុង របស់កូរ៉េខាងជើង។ ចាប់តាំងពីខែសីហា ដល់ខែធ្នូ ឆ្នាំកន្លងទៅ និស្សិតអាយុ ១៨ឆ្នាំរូបនេះ បានមកកាន់ក្រុងព្យុងយ៉ាង ដើម្បីសិក្សាភាសាកូរ៉េខាងជើង។

/

ក្នុងសាលា គីម អ៊ីលស៊ុង នេះ មាននិស្សិតជនជាតិចិន និងរុស្ស៊ី ជាច្រើនរូប ប៉ុន្តែ Alessandro Ford គឺជានិស្សិតអឺរ៉ុបដំបូងគេ ដែលបានមកសិក្សានៅទីនេះ។

Alessandro Ford បានមកសិក្សានៅកូរ៉េខាងជើង ក៏ដោយសារការរៀបចំរបស់ពុកខ្លួន គឺលោក Glyn Ford ដែលធ្លាប់ជាសមាជិកនៃគណបក្សពលកររបស់សភាអឺរ៉ុប។ លោក  Glyn Ford មានទំនាក់ទំនងល្អជាមួយក្រុងព្យុងយ៉ាង ក៏ព្រោះតែលោក ធ្លាប់បានបំពេញបេសកកម្មការទូតជាញឹកញាប់ទៅកាន់កូរ៉េខាងជើង។

ប្រការនេះហើយ ជួយឱ្យ Alessandro Ford ហាក់មានសិទ្ធិពិសេសនៅក្នុងប្រទេស​មួយដែលត្រូវបានគេមើលឃើញថា អាថ៌កំបាំងបំផុតក្នុងលោក។ Alessandro Ford ធ្លាប់មកកាន់កូរ៉េខាងជើង កាលពីខ្លួនមានអាយុ ១៥ ឆ្នាំ។ បើទោះធំឡើង ក្នុងប្រទេសដែលមានវប្បធម៌ផ្សេងគ្នា ប៉ុន្តែ កម្លោះនេះ និងមិត្តរួមថ្នាក់នៅកូរ៉េខាងជើង នៅតែមានចំនុចរួមមួយចំនួន។

/

Alessandro Ford ចង្អុលបង្ហាញសាលា គីម អ៊ីលស៊ុង ដែលខ្លួនសិក្សា

Alessandro Ford គឺជាកូនប្រុសរបស់អ្នកនយោបាល និងធ្លាប់បានសិក្សានៅឯសាលាអន្តរជាតិក្នុងប្រទេសប៊ែលហ្ស៊ិក ចំណែកមិត្តរួមថ្នាក់របស់គេភាគច្រើន គឺជាកូនរបស់សមាជិកបក្ស កូនមន្ត្រីរដ្ឋាភិបាល និងទាហានកូរ៉េខាងជើង ក្នុងនោះ មានសិស្សតិចតួចដែលធ្លាប់សិក្សានៅបរទេស ពេលទៅតាមពុកម្ដាយ ធ្វើការខាងការទូតនៅស្រុកក្រៅ។

Alessandro Ford ត្រូវចំណាយប្រាក់ 4.500 USD សម្រាប់ការសិក្សា 4ខែ នៅកូរ៉េខាងជើង ក្នុងនោះរួមទាំងថ្លៃសាលា អាហារ និងកន្លែងស្នាក់នៅ។ កម្លោះរូបនេះប្រាប់ថា ខ្ញុំគិតថា មិត្តរួមថ្នាក់របស់ខ្ញុំ ពួកគេគិតថា កូរ៉េខាងជើងក្រ គឺដោយសារអាមេរិក។ និស្សិតរូបនេះ បន្ថែមថា នៅកូរ៉េខាងជើង សិស្ស និស្សិត តែងតែនិយាយថា ទេ ចំពោះការរួមភេទមុនថ្ងៃអាពាហ៍ពិពាហ៍ ថ្នាំញៀន និងតន្ត្រី rock-and-roll។

នៅពេលស្ដាប់ ចម្រៀងរបស់  rapper ជនជាតិអាមារិក Eminem ពួកគេតែងសួរថា ហេតុអ្វីអ្នកចម្រៀងនេះ ច្រៀងអំពីខ្លួនឯង ផ្លូវភេទ និងថ្នាំញៀន ខណៈដែលគាត់អាចសរសេរអំពីគ្រួសារ និងប្រទេសជាតិ?។

Alessandro Ford បញ្ជាក់ថា និស្សិតស្រីអាយុចាប់ពី ២០ ដល់ ២៥ឆ្នាំ ដែលខ្ញុំស្គាល់ គឺជាក្រមុំព្រហ្មចារី។​ ពួកនាងមិនមានស្នេហាលួចលាក់នោះឡើយ។ ជនជាតិកូរ៉េខាងជើង មិនថើបគ្នានៅទីសាធារណៈ តែពួកគេមានវិធីដទៃដើម្បីបង្ហាញអំពីមនោសញ្ចេតនារបស់ខ្លួន នេះបើតាមការពន្យល់របស់ Alessandro Ford។

/

បរិវេណនៃសាលា គីម អ៊ីលស៊ុង

ថ្វីបើចូលចិត្តកូរ៉េខាងជើង ប៉ុន្តែ Alessandro Ford ប្រាប់ថា នៅទីនេះ ខ្លួនពិតជាមានអារម្មណ៍ថា​ឯកោ ដោយសារតែមិនអាចចូលរួមក្នុងព្រឹត្តិការ​សិល្បៈវប្បធម៌ និងកីឡា ដូចទៅនឹងមិត្តរួមថ្នាក់ដែលជាជនជាតិកូរ៉េខាងជើង។ ក៏ប៉ុន្តែ Alessandro Ford អាចទូរសព្ទទៅញាតិរបស់ខ្លួន នៅឯប្រទេសប៊ែលហ្ស៊ិក ថ្វីបើត្រូវបង់ប្រាក់ដល់ទៅ ៣ដុល្លារក្នុង ១នាទី៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theguardian