ព័ត៌មានអន្តរជាតិ ៖     មកទល់នឹងវេលាថ្ងៃត្រង់  ម៉ោង ១១ និង ៣០ នាទី ម្សិលមិញនេះមនុស្ស​ ៣ នាក់   ត្រូវបានគេរាយការណ៍អោយដឹងថា បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីបានជួបឧបទ្ទេវហេតុ បាក់រលំស្ពាន Second Penang Bridge  ក្នុងតំបន់ George Town ប្រទេសម៉ាឡេស៊ី នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន។

លើសពីនេះ    បើយោងតាមសម្តី  មន្រ្តីស្នងការប៉ូលីស របស់ប្រទេសនេះ  លោក  Datuk Abdul   Rahim  Jaafar  ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរ   ជនរងគ្រោះទាំងនោះ ក៏កំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ Penang Hospital ។

/

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង  ៣  រូបនោះ រួមមាន បុគ្គលិកបរទេសពីររូប និងស្រ្តីរងរបួសដៃម្នាក់មួយរូប។    ដោយឡែក  មន្ទិលសង្ស័យនៅតែចោទមាន  ថាអាចនឹងមានមនុស្សស្លាប់បាត់បង់ជីវិត ខណៈឡានមួយមួយគ្រឿង ត្រូវបានកំទេចថ្ម កប់គរពីលើ។

ទន្ទឹមនឹងនោះ ក៏មានអ្នកជំនាញមកពីអង្គភាពសង្គ្រោះបន្ទាន់ដែលមានសមាជិកដល់ទៅ៣០០ នាក់   ក៏ដូចជាមកពីអង្គភាពពន្លត់អគ្គីភ័យជាដើម  ដោយបានទៅដល់កន្លែងកើតហេតុភ្លាមៗ   ដើម្បីចេញយុទ្ធនាការជួយសង្គ្រោះបន្ទាន់របស់ខ្លួន ។  យ៉ាងណាមិញ ក្រុមមន្រ្តីប៉ូលីស      ក៏កំពុងធ្វើការជជែកវែកញែក  ជាមួយនឹងបុគ្គលិក  ​ដែលជាជាងសំណង់ ដើម្បីរកអោយឃើញពីមូលហេតុ  ដែលបានបណ្តាលអោយកើតមានឡើង  នូវគ្រោះថ្នាក់មួយនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន