ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រថ្មីមួយ បង្ហាញថា ក្ដារចុចធម្មតា មានបាក់តេរីច្រើនជាង ១០០ដង ធៀបនឹងចានបង្គន់ ចំណែកទូរស័ព្ទចល័ត មានបាក់តេរីច្រើនជាង ១០ដង ធៀបនឹងចានបង្គន់។

បាក់តេរីទាំងនេះ គេមិនអាចមើលឃើញដោយភ្នែកធម្មតានោះទេ ដូច្នេះហើយបានជាអ្នកប្រើប្រាស់មិនដឹងថា ស្មាតហ្វូនដែលខ្លួនកំពុងប្រើ មានមេរោគដល់កម្រិតណា។
ដើម្បីសិក្សាស្វែងយល់នូវកម្រិតនៃបាក់តេរីនៅលើស្មាតហ្វូនបច្ចុប្បន្ន និស្សិតមកពីសកលវិទ្យាល័យ Surrey បានធ្វើការពិសោធមួយចំនួនដ៏គួរឱ្យចាប់អារម្មណ៍។ ពួកគេយកសម្បកទូរស័ព្ទមួយចំនួន មកត្រាំក្នុងធាតុរាវ Petri ដើម្បីជម្រុញការរីកចម្រើនរបស់បណ្ដាបាក់តេរី ដែលជួយឱ្យគេមើលឃើញដោយភ្នែកធម្មតា។

ក្រោយរយៈពេល ៣ថ្ងៃ បណ្ដារូបភាពដែលគេមើលឃើញ គឺពិតជាគួរឱ្យភ្ញាក់ផ្អើល។ មិនត្រឹមតែបាក់តេរីមានចំនួនច្រើនប៉ុណ្ណោះទេ តែវាក៏មានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ បាក់តេរីទាំងនេះ អាចនឹងឆ្លងរាលដាលដោយងាយ តាមរយៈការប៉ះពាល់ ខណៈដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ទៅលើការលាងដៃនឹងសាប៊ូ មុននឹងកាន់ទូរស័ព្ទ។

បណ្ឌិត Simon Park មកពីសកលវិទ្យាល័យ Surrey ថ្លែងថា “បរិមាណនៃបាក់តេរីលើស្មាតហ្វូន គឺច្រើនជាង ១០ ធៀបនឹងបរិមាណដែលគេអាចទទួលយកបាន ក្នុងនោះបាក់តេរីដែលបង្កជម្ងឺ ដូចជា Staphylococcus និង Bacillus អាចឆ្លងទៅក្នុងប្រព័ន្ធដង្ហើម និងតាមរយៈរបួស នៅពេលប៉ះពាល់។ ដូច្នេះ ស្មាតហ្វូនគឺជាឧបករណ៍ដែលអាចបង្កគ្រោះថ្នាក់ធំដល់សុខភាពរបស់មនុស្ស”។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail/Surrey