បណ្ដាមនុស្សដែលកើតចំពេល ព្រះអាទិត្យមានសភាព “ស្លូតបូត” អាចនឹងរស់បានយូរអង្វែងជាង បើធៀបនឹងមនុស្សដែលកើតចំពេលព្រះអាទិត្យ បញ្ចេញភាព “កំណាច”។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ន័រវេ ដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Proceedings of the Royal Society B លេខចេញថ្ងៃទី ៧មករា ២០១៥។

ក្រុមអ្នកវិទ្យាសាស្ដ្រ បានប្រមូលទិន្នន័យផ្នែកប្រជាសាស្ដ្រ របស់ប្រជាជនន័រវេ ដែលកើតចាប់ពីឆ្នាំ ១៦៧៦ ដល់ឆ្នាំ ១៨៧៨ បូករួមនឹងការពិនិត្យទៅលើដំណើរការរបស់ព្រះអាទិត្យ និងធ្វើការវិភាគ។ លទ្ធផលបាន បង្ហាញថា អាយុជាមធ្យមរបស់បណ្ដាមនុស្សដែលកើតក្នុងអំឡុងពេលព្រះអាទិត្យក្ដៅបំផុត គឺទាបជាងដល់ទៅ ៥,២ឆ្នាំ ធៀបនឹងមនុស្សកើតក្នុងអំឡុងពេលព្រះអាទិត្យបញ្ចេញកំដៅល្មម។
សូមបញ្ជាក់ថា អំឡុងពេលព្រះអាទិត្យបញ្ចេញកំដៅខ្លាំងបំផុត នឹងបណ្ដាលឱ្យមានការរអាក់រអួលនូវប្រព័ន្ធទំនាក់ទំនងនានានៅលើផែនដី និងបំផ្លាញផ្កាយរណប ព្រមទាំងធ្វើឱ្យបណ្ដាឧបករណ៍កំណត់ទិស ត្រូវច្របូកច្របល់។

រូបភាពបង្ហាញអំពីរលកកំដៅរបស់ព្រះអាទិត្យ នៅក្នុងបណ្ដាឆ្នាំ
កំដៅខ្លាំងរបស់ព្រះអាទិត្យ ក៏មានទាក់ទិននឹងការកកើតនៃកាំរស្មី UV ដែលប៉ះពាល់ដល់ការរស់នៅ និងការបន្តពូជរបស់មនុស្ស តាមរយៈការធ្វើឱ្យខូចខាតដល់កោសិកា និង DNA ។ យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ កំដៅរបស់ព្រះអាទិត្យ មានឥទ្ធិពលអាក្រក់ដល់សុខភាពកុមារ ទើបបណ្ដាលឱ្យអាយុជាមធ្យមរបស់ពួកគេ ត្រូវថយចុះនៅពេលអនាគត។ ប៉ុន្ដែ ឥទ្ធិពលខាងលើនេះ ប៉ះពាល់ខ្លាំងជាងទៅលើកុមារី ធៀបនឹងកុមារា។
លទ្ធភាពនៃការបន្តពូជរបស់ស្ដ្រីដែលកើតក្នុងអំឡុងពេលព្រះអាទិត្យមានកំដៅខ្លាំង ក៏ថយចុះច្រើន ធៀបនឹងស្ដ្រីកើតក្នុងរដូវដែលមានអាកាសធាតុល្អ។ ទ្រឹស្ដីដែលត្រូវបានគេលើកឡើងដើម្បីបកស្រាយអំពីមូលហេតុនៃបញ្ហាខាងលើនេះ នោះគឺ កង្វះវីតាមីន B ដោយសារតែឥទ្ធិពលរបស់កាំរស្មី UV ដែលមាននៅក្នុងកំដៅព្រះអាទិត្យ។ កង្វះវីតាមីននេះ នៅមុនពេលឆ្លងទន្លេ ក៏ធ្វើឱ្យមានការប្រឈមខ្ពស់ ក្នុងការកើតជម្ងឺផ្សេងៗ ហើយអត្រានៃការស្លាប់ ក៏មានកម្រិតខ្ពស់។

កំដៅថ្ងៃ ក៏បណ្ដាលឱ្យប៉ះពាល់ដល់ស្ដ្រីមានផ្ទៃពោះ និងទារក
យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ដ្រថ្លែងថា ពួកគេត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ទៅលើប្រជាជនគ្រប់តំបន់ក្នុងពិភពលោក មុននឹងបញ្ចេញលទ្ធផលជាផ្លូវការ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail