បើទោះជាជួបបញ្ហាក្នុងវិស័យស្មាតហ្វូន ប៉ុន្តែ ក្រុមហ៊ុន Sony នៅតែបន្តផលិតស្មាតហ្វូនថ្មី។ កាលពីម្សិលមិញ ម៉ូដែលស្មាតហ្វូន Xperia XA 2017 បានបែកធ្លាយរូបភាពដ៏ស្រស់ស្អាត គួរជាទីពេញចិត្ត។

រូបភាពបែកធ្លាយស្ដីអំពី Sony Xperia XA 2017
យោងតាម Phonearena ស្មាតហ្វូន Xperia XA 2017 ថ្មីៗនេះ បានបែកធ្លាយរូបភាព render ដ៏ស្រស់ស្អាត ដោយរូបរាងស្រដៀងនឹងស៊េរី Xperia XZ ។ គែមទាំងសងខាង មានរូបរាងមូល ខណៈដែលគែមខាងលើ និងខាងក្រោមត្រង់ស្មើ មានលក្ខណៈទាន់សម័យ និងគួរជាទីទាក់ទាញ។
ក្រៅពីរូបរាងខាងលើ មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីនរបស់ Xperia XA 2017 នៅឡើយ ប៉ុន្តែ មើលទៅលើរូបភាព គេអាចសន្និដ្ឋានបានថា ស្មាតហ្វូននេះ មានអេក្រង់ប្រហែល 5 inch ជាមួយនឹងទំហំប្រហែល 145 x 66.8 x 7.99 mm ។ វាក៏ប្រើប្រាស់រន្ធ USB Type-C ដើម្បីសាកថ្ម និងតភ្ជាប់ទិន្នន័យ។

Sony Xperia XA 2016
តម្លៃរបស់ Xperia XA 2017 អាចនឹងដូចទៅនឹង Xperia XA 2016 ពោលគឺមានតម្លៃទាបដែលអ្នកងាយស្រួលនឹងទិញ។ អ្វីទាំងអស់នឹងបានជាក់ច្បាស់ នៅពេលព្រឹត្តិការណ៍ CES 2017 ត្រូវបានប្រារព្ធឡើង នៅខែមករា ឆ្នាំ ២០១៧ខាងមុខ។ សូមរង់ចាំតាមដានទាំងអស់គ្នា៕
ប្រែសម្រួល ៖ តារាប្រភព ៖ Phonearena