Elysium Space ដែលជាក្រុមហ៊ុនអវកាស និងអាកាសចរណ៍របស់អាមេរិក មានផ្ដល់សេវាកម្មដឹកជញ្ជូនសព ទៅកាន់កន្លែងបូជាដ៏ឆ្ងាយមួយនៅគឺនៅលើភពព្រះចន្ទ នេះបើតាម Fortune ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៤កន្លងទៅ។
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុននេះ បានរចនាកោដ្ឋធ្វើអំពីលោហធាតុ សម្រាប់ដាក់ធាតុរបស់មនុស្សដែលបានស្លាប់ ដើម្បីនាំទៅកាន់ឋានព្រះចន្ទ។ បច្ចុប្បន្ន ក្រុមហ៊ុន Elysium Space កំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្តអវកាស Astrobotic អាមេរិក និងប្រើប្រាស់កាំជ្រួចរបស់ក្រុមហ៊ុន SpaceX អាមេរិក ដើម្បីផ្ដល់សេវាកម្មខាងលើ។

ក្រៅពីនេះ ក្រុមហ៊ុនក៏ផ្ដល់សេវាកម្មរំលឹកវិញ្ញាណក្ខន្ធពីរប្រភេទផងដែរ ក្នុងនោះ មានសេវាកម្មមួយដែលគេហៅថា ទេពសយុត អនុញ្ញាតឱ្យនាំយកកោដ្ឋ ហោះទៅកាន់អាកាស ហើយបាញ់ត្រឡប់មកកាន់ផែនដី ដូចទៅនឹងអាចម៍ផ្កាយធ្លាក់។ ចំណែកសេវាកម្មទីពីរ មានឈ្មោះថា រំលឹកវិញ្ញាណក្ខន្ធ បែប ហ្គាឡាក់ស៊ី គឺបាញ់បញ្ជូនកោដ្ឋដាក់ធាតុ ទៅក្នុងអវកាសដ៏សែនឆ្ងាយ។
ក្រុមហ៊ុននេះអះអាងថា អតិថិជនចំនួន៥០នាក់ដំបូង ដែលបានទិញសេវាកម្មនេះ នឹងទទួលបានការបញ្ចុះតម្លៃ ពោលគឺបង់ប្រហែលត្រឹមតែ ១ម៉ឺនដុល្លារប៉ុណ្ណោះ។
មកដល់ពេលនេះ គេបានដឹងថា បុរសជាទាហានដែលធ្លាប់ចូលរួមធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ម្នាក់ នឹងក្លាយជាមនុស្សដំបូងគេ ដែលប្រើប្រាស់សេវាកម្មនេះ។ មូលហេតុដែលនាំឱ្យទាហានរូបនេះ សម្រេចជួលសេវាកម្មនេះ នោះគឺព្រោះតែគាត់ចង់រំលឹកវិញ្ញាណក្ខន្ធម្ដាយរបស់គាត់កាលនៅរស់។ កាលបុរសនេះ កំពុងច្បាំងនៅឯសមរភូមិអ៊ីរ៉ាក់ ម្ដាយរបស់គាត់តែងសរសេរសំបុត្រផ្ញើឱ្យគាត់ ដោយតែងរំលឹកគាត់ថា បើទោះជានៅឆ្ងាយយ៉ាងណា ចូរកូនសម្លឹងមើលទៅព្រះចន្ទ កូននឹងដឹងថា ម្ដាយនៅក្បែរកូនជានិច្ច៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Fortune/CBC