អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy J5 របស់ Samsung ម្នាក់នៅបារាំង ថ្មីៗនេះ បានឱ្យដឹងថា ស្មាតហ្វូនរបស់នាង បានឡើងកំដៅ រួចឆេះ ហើយក៏ផ្ទុះតែម្ដង។

Samsung Gaxaxy J5
យោងតាមការឱ្យដឹងពីអតិថិជនម្នាក់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy J5 នៅបារាំង ថ្មីៗនេះ ទូរស័ព្ទរបស់នាង បានឆេះ និងផ្ទុះ។ ម៉ូដែលនេះខុសគ្នាទាំងស្រុងទៅនឹង Galaxy Note 7 ដែលមានបញ្ហាក្នុងការផលិត ហើយត្រូវបានប្រមូលត្រលប់មកវិញទូទាំងពិភពលោក។
Lamya Bouyirdane រស់នៅក្នុងក្រុង Pau ភាគនិរតីនៃប្រទេសបារាំង និងជាម្ចាស់ទូរស័ព្ទ GalaxyJ5 បានឱ្យដឹងនៅលើទំព័រ AP កាលពីម្សិលមិញថា ៖ នៅពេលគ្រួសារនាងកំពុងនៅក្នុងផ្ទះ នាងបានហៅកូនប្រុសអាយុ៤ឆ្នាំរបស់ខ្លួន ឱ្យយកទូរស័ព្ទមកឱ្យខ្លួន ពេលនោះ នាងដឹងថា ទូរស័ព្ទនេះបានឡើងកំដៅខ្លាំង។ Bouyirdane ភ្លាមនោះបានបោះទូរស័ព្ទនេះទៅឆ្ងាយ ព្រោះតែឃើញវាប៉ោងឡើងៗ និងមានផ្សែងចេញមកក្រៅ។
ទូរស័ព្ទនេះក្រោយមកបានឆេះ ប៉ុន្តែ ភា្លមនោះ ប្ដីរបស់នាង បានរកវិធីពន្លត់ភ្លើងទាន់ពេល។ អ្នករងគ្រោះបានឱ្យដឹងថា នាងបានទិញទូរស័ព្ទនេះកាលពីខែមិថុនា នៅលើគេហទំព័រលក់បញ្ចុះតម្លៃមួយ។ Bouyirdane បន្ថែមថា នាងនឹងប្ដឹង Samsung។

Samsung Galaxy J5 ដែលផ្ទុះឆេះ
ក្រុមហ៊ុនកូរ៉េខាងត្បូងថ្មីៗកន្លងទៅនេះ ត្រូវបង្ខំចិត្តប្រមូលត្រលប់មកវិញនូវទូរស័ព្ទ Galaxy Note 7 នៅទូទាំងពិភពលោក ដោយសារតែកំហុសឆ្គងក្នុងការផលិត បណ្ដាលឱ្យថ្មឡើងកំដៅ ឆេះ និងផ្ទុះ។ ទាក់ទឹងនឹងករណីផ្ទុះ Galaxy J5 ខាងលើនេះ ក្រុមហ៊ុន Samsung មិនទាន់បញ្ចេញមតិយ៉ាងណានៅឡើយ៕
ប្រែសម្រួល ៖ តារាប្រភព ៖ cbc