ទីភ្នាក់ងារអវកាសអាមេរិក (NASA) កំពុងធ្វើការពិសោធមួយចំនួននៅលើស្ថានីយអវកាស​អន្តរជាតិ ដើម្បីរកវិធីពន្លត់អគ្គីភ័យក្នុងអវកាស។

អគ្គីភ័យដែលកំពុងឆាបឆេះនៅក្នុងយានអវកាស​ដឹកមនុស្ស នឹងធ្វើឱ្យមានការជ្រួលច្របល់ខ្លាំង ដោយសារតែពិបាកពន្លត់ភ្លើង។ វិធីតែមួយគត់ដែលគេអាចធ្វើបាន នោះគឺយកធុងពន្លត់អគ្គីភ័យ រត់ចូលទៅក្បែរភ្លើង ដើម្បីបាញ់ពន្លត់ ប៉ុន្តែ វិធីនេះ គ្រោះថ្នាក់បំផុត។

/

ភ្លើងនៅលើផែនដីឆេះត្រង់ទៅលើ តែភ្លើងនៅអវកាស ឆេះជារង្វង់មូល

Daniel Dietrich អ្នកជំនាញការម្នាក់ ធ្វើការនៅមជ្ឈ​មណ្ឌលសិក្សាស្រាវជ្រាវ​ Glenn របស់ NASA ថ្លែងថា ៖ ក្នុងទីអវកាស អណ្ដាតភ្លើងឆេះ ហោះទៅគ្រប់ទិស និងមានរូបរាងមូល (មិនមែនឆេះ ហោះត្រង់ទៅលើដូចនៅលើផែនដី) បង្កការលំបាកខ្លាំងដល់អ្នកអវកាសក្នុងការពន្លត់។ ផ្សែងនៅទីអវកាសក៏ហោះហើរទៅគ្រប់ទិស មិនថាលើ ឬក្រោម។

Dietrich និង Forman Williams នៃសកលវិទ្យា​ល័យ California San Diego អាមេរិក កំពុងតែធ្វើការពិសោធពន្លត់អគ្គីភ័យនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ គោលដៅនៃការពិសោធនេះ គឺដើម្បីស្វែងរកវិធី និងឧបករណ៍ល្អជាងបច្ចុប្បន្ន សម្រាប់ពន្លត់ភ្លើងក្នុងអវកាសគ្មានទំនាញផែនដី បំណងជួយឱ្យ​ការហោះហើររបស់យានអវកាស មានសុវត្ថិភាព។

ក្នុងកម្មវិធីពិសោធ FLEX2 នេះ ក្រុមអ្នកស្រាវជ្រាវ​បានបញ្ជាពីចម្ងាយក្នុងការដុតភ្លើងតូចមួយ ហើយពិនិត្យទៅលើការឆាបឆេះរបស់វា។ លទ្ធផលបានបង្ហាញថា ឧស្ម័នដែលមានច្រើននៅលើស្ថានីយអវកាសអន្តរជាតិ គឺ methanol និង heptanes នឹងឆេះ នៅពេលមាន​អ៊ុកស៊ីហ្សែនចាប់ពី ១២ទៅ ១៣% ក្នុងយានអវកាស ខណៈដែល​មនុស្សត្រូវការពី ១៤ទៅ ១៥% ដើម្បីដកដង្ហើមបាន។

ការរកឃើញខាងលើនេះ ពិតជាមានសារ​សំខាន់ ក្នុងការពន្លត់ភ្លើងអវកាស ព្រោះថា វាបានជួយឱ្យអវកាសចរ​ដឹងបានថា នៅពេលណាភ្លើងអាចឆេះ និងធ្វើយ៉ាងណាដើម្បីឱ្យភ្លើងរលក់។ តាមរយៈលទ្ធផលនៃការពិសោធនេះ​ គេនឹងផលិតបាននូវឧបករណ៍ពិសេស ដើម្បីពន្លត់ភ្លើងនៅទីអវកាស៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techtrend24/vnex