កូនភ្លោះដែលមានខ្លួនជាប់គ្នា មានក្បាល២ ដៃ៤ ប៉ុន្តែមានជើងតែ២ ត្រូវបានពុកម្ដាយបោះបង់ចោលនៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីបានចាប់កំណើត។
កូនភ្លោះជាប់គ្នានេះត្រូវបានពុកម្ដាយបោះបង់ចោលនៅក្នុងមន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ដ្រ នៅ Dhaka ប្រទេសបង់ក្លាដែស។ ក្រុមគ្រូពេទ្យនៅទីនេះបានឱ្យដឹងថា កូនភ្លោះនេះបានចាប់កំណើតនៅកន្លែងផ្សេង ប៉ុន្តែត្រូវបានពុកម្ដាយយកមកកាន់មន្ទីរពេទ្យនេះ ហើយក៏បោះបង់ចោល។ កូនភ្លោះនេះ ទើបតែបានចាប់កំណើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គ្រូពេទ្យឈ្មោះ Khaja Abdul Gafursaid អគ្គនាយករងនៃមន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ដ្រ Dhaka ឱ្យដឹងថា “ពុកម្ដាយរបស់កូនភ្លោះនេះបានទុកកូនចោលនៅក្នុងបន្ទប់មើលថែទារក។ ពុំមានកូនភ្លោះជាប់គ្នាណាមួយត្រូវបានបង្កើតនៅទីនេះ ដូច្នេះ កូនភ្លោះនេះ ប្រាកដជាត្រូវបានគេយកពីកន្លែងដទៃមកកាន់ទីនេះ។
បច្ចុប្បន្ន កូនភ្លោះជាប់គ្នានេះ មិនមានញាតិ ក៏ដូចជាមិនទាន់មានព័ត៌មានស្ដីអំពីអត្តសញ្ញាណ ដូច្នេះ ក៏ទទួលបានការថែទាំជាពិសេសពីក្រុមគ្រូពេទ្យ។ កូនភ្លោះនេះ អាចធ្វើចលនា បន្ទោបង់ និងយំដូចទារកដទៃ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងពិនិត្យសុខភាពទូទៅដើម្បីរកជម្ងឺដែលអាចមាននៅក្នុងរាងកាយ។
យោងតាមក្រុមគ្រូពេទ្យ ទារកភ្លោះជាប់គ្នានេះ អាចជាកូនរបស់ពលរដ្ឋក្រីក្រ ជាគ្រូសារដែលមិនមានលទ្ធភាពចិញ្ចឹមកូនបែបនេះ ដូច្នេះ ពួកគេត្រូវបានបោះបង់ចោលនៅទីនេះ ដោយសង្ឃឹមថានឹងទទួលបានការព្យាបាលពីមន្ទីរពេទ្យ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ទារកភ្លោះជាប់គ្នានេះ ត្រូវបានយកមកកាន់មន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ដ្រ Dhaka តែប៉ុន្មានសប្ដាហ៍បន្ទាប់ពីទារិកកាភ្លោះជាប់គ្នាមួយគូផ្សេងទៀត ក៏ត្រូវបានយកមកកាន់ទីនេះដើម្បីព្យាបាល។ ទារិកាភ្លោះជាប់គ្នានេះ បានចាប់កំណើតនៅឯផ្ទះ នៅក្នុងស្រុក Gaibandha មុនពេលត្រូវបានយកមកកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព៕
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail