ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៥ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីរថយន្តក្រុង ដឹកអ្នកដំណើរ ៣៦ នាក់មួយគ្រឿង បោលធ្លាក់ជ្រលងភ្នំ ជម្រៅដល់ទៅ ៤០ ម៉ែត្រ ភាគពាយព្យ ប្រទេសចិន នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានចិន chinadaily ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់រថយន្តក្រុងដ៏គួរអោយរន្ធត់ ខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ វេលាម៉ោងប្រមាណជាង ៥ និង ១៥ នាទីល្ងាច។ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា រាល់អ្នកដំណើរទាំងអស់ គឺជាក្រុមបុគ្គលិកមកពីក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ហើយពួកគេធ្វើធ្វើដំណើរវិលត្រលប់មកភូមិវិញ បន្ទាប់ពីមានការដើរទស្សនាចរលេងកំសាន្តតំបន់ទាក់ទាញទេសចរណ៍ក្បែរភូមិ Miaoergou ។
យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក អោយដឹងថា រថយន្តក្រុងមួយគ្រឿងនេះ មិនបានដឹកលើសចំនុះនោះទេ ហើយបើនិយាយពីមូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវសោកនាដកម្ម ដ៏គួរអោយសោកស្តាយបែបនេះ ទំនងមកពីការចុះអ័ព្ទខ្លាំងពេក (នេះបើតាមការតាមដានស៊ើបអង្កេតជាលើកដំបូង) ស្របពេលដែលផ្លូវមានលក្ខណៈរអិល និងភក់ បន្ទាប់ពីមានការធ្លាក់ភ្លៀងនាពេលកន្លងមក ។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ ដោយបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងក្រុង Changji ដើម្បីធានាអោយបានថា អត្រាអ្នកស្លាប់បាត់បង់ជីវិត នឹងមិនកើនឡើងខ្ពស់ជាងនេះទៅទៀត៕
ដោយ ៖ ពិសីប្រភព ៖ chinadaily