បើទោះជាសម្បករបស់ iPhone 6 Plus ធ្វើអំពីលោហធាតុរឹងមាំ ប៉ុន្ដែ ផលិតផលថ្មីរបស់ Apple នេះ ត្រូវប្រឈមនឹងបញ្ហាកោងដោយអចេតនា ព្រោះតែវាមានរូបរាងស្ដើងខ្លាំងពេក។

/

iPhone 6 Plus ត្រូវកោង ពេលដាក់ក្នុងហោប៉ៅ ១៨ម៉ោង (Mac Rumors)

 

ជាក់ស្ដែង ថ្មីៗនេះ  រូបភាពរបស់  iPhone 6 Plus  ត្រូវបានបង្ហោះលើប្រព័ន្ធអ៊ីនធឺរណិត  ដោយ Hanzoh ។ លោក Hanzoh និយាយថា គាត់ដាក់ iPhone 6 Plus ក្នុងហោប៉ៅមុខ ផ្នែកខាងឆ្វេងរបស់គាត់ ក្នុងរយៈពេល ១៨ម៉ោងបន្តបន្ទាប់ ហើយក្នុងអំឡុងពេលនោះ គាត់បានអង្គុយ ៤ម៉ោងក្នុងរថយន្ដ និងធ្វើដំណើរទៅហូបការ ជប់លៀង រាំច្រៀង និងសកម្មភាពមួយចំនួនផ្សេងទៀត រហូតដល់គាត់ត្រឡប់មកដល់ផ្ទះ។

ពេលយកទូរស័ព្ទនេះចេញពីហោប៉ៅ ហើយដាក់នៅលើតុ ទើបឃើញថា iPhone 6 Plus របស់ខ្លួន ត្រូវកោង។ អ្នករាល់គ្នាក៏អាចមើលឃើញបញ្ហានេះ តាមរយៈរូបថតរបស់ Hanzoh ។

គួរបញ្ជាក់ថា បញ្ហារបស់ iPhone 6 Plus មិនមែនជាករណីដំបូងនោះទេ មុននេះ iPhone 5s និង iPhone 5 ក៏ធ្លាប់ជួបបញ្ហាដូចគ្នានេះដែរ។ ដូច្នេះ ក្រៅពី iPhone 6 Plus គេជឿថា iPhone 6 ដែលមានអេក្រង់ 4.7 inch ក៏អាចនឹងជួបស្ថានភាពប្រហាក់ប្រហែលនេះ។

ពីមួយថ្ងៃ ទៅមួយថ្ងៃ មនុស្សទាំងឡាយ មាននិន្នាការ ចូលចិត្តប្រើស្មាតហ្វូនដែលមានរូបរាងស្ដើង ដូច្នេះ ប្រសិនមិនចង់ជួបបញ្ហាដូចករណីខាងលើ អ្នកគួរតែប្រុងប្រយ័ត្ន ៖ “កុំមិនត្រូវដាក់ទូរស័ព្ទរបស់អ្នក ក្នុងហោប៉ៅ នៅពេលអ្នកអង្គុយច្រហោង ឬបញ្ឈរជង្គង់”។

ទាក់​ទិន​នឹង​បញ្ហា​ខាងលើ ថ្មី​ៗ​នេះ ក៏​មាន​វីដេអូ​មួយ ត្រូវ​បាន Unbox Therapy បង្ហោះ​លើ​អ៊ីនធឺរណិត។ វីដេអូ​នេះ បង្ហាញ​អំពី​ការ កាច់​កោង iPhone 6 Plus ដោយ​ប្រើ​ដៃ​ទាំង​ពីរ​៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  BGR/Youtube