iPhone 6 Plus បានខូចខាតទាំងស្រុង បន្ទាប់ពីឆេះ ខណៈដែល Apple ឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ។
ថ្មីៗនេះ គណនី Twitter @nashwest2 បានបង្ហោះវីដេអូមួយ ក្នុងនោះបង្ហាញអំពីស្មាតហ្វូនមួយដែលត្រូវផ្ទុះ ឆេះក្នុងថ្នាក់រៀន។ ស្មាតហ្វូនដែលជួបបញ្ហានេះ គឺជា iPhone 6 Plus។

រូបភាពទាំងឡាយបានបង្ហាញថា iPhone នេះ ត្រូវបែកជាពីរ អេក្រង់ត្រូវប្រេះ ថ្មក៏ត្រូវឆេះផ្នែកខាងលើ។ ម្ចាស់គណនី Twitter ខាងលើ បង្ហើបឱ្យដឹងថា ស្មាតហ្វូននេះ ត្រូវចេញផ្សែង និងផ្ទុះ ពេលម្ចាស់របស់វា ធ្វើឱ្យធ្លាក់ពីកៅអីទៅលើកម្រាលឥដ្ឋ។ មិនមានការខូចខាតទ្រព្យផ្សេងៗ ឬគ្រោះថ្នាក់ដល់មនុស្ស នៅពេល iPhone 6 Plus នេះផ្ទុះ។
យោងតាម Deccan Chronicle ក្រុមហ៊ុន Apple ភ្លាមៗនោះក៏បានទាក់ទងទៅកាន់ម្ចាស់វីដេអូដើម្បីស្វែងយល់ពីហេតុការណ៍នេះ។ តំណាងរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា Apple បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុនៃបញ្ហានេះ ហើយថានឹងចេញសេចក្ដីប្រកាសឆាប់ៗខាងមុខ។

មិនត្រឹមតែទូរស័ព្ទរបស់ក្រុមហ៊ុន Samsung នោះទេដែលមានបញ្ហាឆេះ និងផ្ទុះ។ កន្លងទៅនេះ ក៏មានករណីជាច្រើនទាក់ទឹននឹង iPhone របស់ Apple ត្រូវបានគេរាយការណ៍ថា បានជួបបញ្ហាដូចគ្នានេះ។ ក្នុងនោះមានករណី iPhone 6s Plus ឆេះនៅក្នុងកាបូបដៃរបស់នារីម្នាក់ ករណី iPhone 6s Plus ឆេះក្នុងហោប៉ៅខោក្រោយរបស់និស្សិតម្នាក់ ឬ iPhone 7 ឆេះក្នុងរថយន្ត និង iPhone 7 Plus ផ្ទុះបន្ទាប់ពីធ្លាក់ទៅលើដី។ល។ ករណីស្ទើរតែទាំងអស់ ត្រូវបាន Apple កត់សម្គាល់ និងឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេតរកមូលហេតុ។ ប៉ុន្តែ មកដល់ពេលនេះ គេឃើញថា Apple កម្រនឹងប្រកាសឱ្យដឹងអំពីលទ្ធផលនៃការស៊ើបអង្កើត។
ប្រែសម្រួល ៖ តារាប្រភព ៖ thestreet