iPhone 6 Plus ទីពីរដែលបានផ្ទុះឆេះក្នុងអំឡុងពេលមួយសប្ដាហ៍កន្លងមក ហើយអ្វីដែលគួរកត់សម្គាល់នោះគឺថាស្មាតហ្វូននេះប្រើប្រាស់ឆ្នាំងសាកថ្មរបស់ Apple។
យោងតាមទំព័រ ABC30 ស្មាតហ្វូន iPhone 6 Plus របស់អ្នកប្រើប្រាស់ឈ្មោះ Yvette Estrada រស់នៅក្នុងរដ្ឋ California អាមេរិក បានផ្ទុះក្នុងពេលបញ្ចូលថាមលពល បណ្ដាលឱ្យខូចខាតទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងនៅពេលយប់ ហើយម្ចាស់ស្មាតហ្វូននេះប្រាប់ថា ស្មាតហ្វូននេះត្រូវបានសាកដោយ adapter របស់ Apple ។
នៅម៉ោងប្រហែល ៣ ថ្ងៃទី ៨តុលា Estrada បានភ្ញាក់ឡើងក្នុងពេលកំពុងគេង ដោយសារតែសម្លេងផ្ទុះ និងក្លិនជ័រដែលឆេះ។ បន្ទាប់ពីពិនិត្យមើលជុំវិញ ទើបនាងដឹងថា ផ្សែងខ្មៅចេញពី iPhone របស់ខ្លួន។ Estrada បានទិញស្មាតហ្វូននេះបានបីខែ គិតមកដល់ពេលនេះ។

ក្រោយពីហេតុការណ៍បានកើតឡើង នាងបានទាក់ទង និងផ្ដល់រូបថតដែលទាក់ទឹនដល់ Apple។ Estrada ចង់បានសំណងពីក្រុមហ៊ុនផលិត។ ជាសំណាងល្អ នាងមិនត្រូវរបួសអ្វីនោះទេ ប៉ុន្តែ iPhone 6 Plus ដែលបានផ្ទុះនេះ បានធ្វើឱ្យវ៉ែនតា ឧបករណ៍សាកថ្មនាឡេកា Apple Watch និងតុមួយផ្នែកត្រូវខូចខាត។
គួររំលឹកថា កាលពីថ្ងៃទី ៣តុលា ករណីផ្ទុះដែលទាក់ទឹនឹង iPhone 6 Plus ក៏ត្រូវបានគេកត់សម្គាល់។ យោងតាម 6ABC ស្មាតហ្វូន iPhone 6 Plus ផ្ទុះនៅក្នុងហោប៉ៅរបស់និស្សិតម្នាក់ឈ្មោះ Darin Hlavaty នៅ New Jersey អាមេរិក នៅពេលអង្គុយរៀនបានមួយស្របក់។ ម្ចាស់ស្មាតហ្វូននេះឱ្យដឹងថា ខ្លួនបានទិញ iPhone 6 Plus នេះ ពីហាង Apple Store។
ប្រែសម្រួល ៖ តារាប្រភព ៖ phonearena