រមៀតគឺជាមើមម្យ៉ាងដែលត្រូវបានគេប្រើប្រាស់ច្រើន ដើម្បីថែទាំសម្រស់ស្បែក ក្រៅពីការជួយធ្វើឱ្យស្បែកបានភ្លឺថ្លា រមៀតក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនផងដែរ។
ម្សៅរមៀត និងទឹក
នេះគឺជាវិធីសាមញ្ញ ប៉ុន្ដែវាបែរជាមានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលមុន ពិសេសគឺមុនខ្សាច់។អ្វីដែលអ្នកត្រូវការគឺម្សៅរមៀត និងទឹក។ បន្ទាប់ពីបានលាយម្សៅរមៀត និងទឹកឱ្យក្លាយជាធាតុផ្សំល្មមនឹងបំពោកបាន ទើបលាបវាទៅលើតំបន់ស្បែកដែលមានមុន ហើយលាងសម្អាតវា ក្រោយពី ១៥ ទៅ ២០នាទី។ ម្សៅរមៀត មានប្រសិទ្ធិភាព ជួយព្យាបាល និងទប់ស្កាត់ការរីកចម្រើនរបស់មុន។ ប្រសិនប្រើប្រាស់គ្រឿងផ្សំនេះញឹកញាប់ នោះមុន និងស្នាមមុន នឹងបាត់ខ្លួនពីផ្ទៃមុខរបស់អ្នកមិនខាន។ ក្រៅពីវិធីផ្សំខាងលើ អ្នកក៏អាចលាយម្សៅរមៀត ជាមួយទឹកឃ្មុំ ព្រោះថាទឹកឃ្មុំមានប្រសិទ្ធិភាពខ្ពស់ក្នុងការកំចាត់មេរោគ។ម្សៅរមៀត និងប្រេងអូលីវ
ចូរលាយម្សៅរមៀត ២ស្លាបព្រា និងប្រេងអូលីវកន្លះស្លាបព្រា។ បន្ទាប់ពីធ្វើរួច បំពោកវាទៅលើកន្លែងមានមុនឱ្យបានក្រាស់។ ក្រោយពីបានប្រើប្រាស់គ្រឿងផ្សំនេះបានប៉ុន្មានសប្ដាហ៍ អ្នកនឹងបានដឹងពីប្រសិទ្ធិភាពរបស់វា ដោយមុនត្រូវបានបំបាត់។ អ្នកក៏អាចប្រើប្រាស់ប្រេងល្ងជំនួសប្រេងអូលីវ។ម្សៅរមៀត ម្សៅអង្ករ និងទឹកដោះគោជូ
យកម្សៅរមៀត ១ស្លាបព្រា ម្សៅអង្ករ ២ស្លាបព្រា និងទឹកដោះគោជូ ៣ស្លាបព្រា លាយជាមួយគ្នា។ លាងមុខ ឬស្បែកដែលមានមុន ឱ្យបានស្អាត រួចលាបគ្រឿងផ្សំនេះ ឱ្យបានក្រាស់។ ទុកចោលរយៈពេល ពី ១៥ ទៅ ២០នាទី ទើបលាងសម្អាតដោយទឹកស្អាត។ គ្រឿងផ្សំនេះ ក៏អាចប្រើប្រាស់ដើម្បីបំពោកជាម៉ាស់បិទមុខ។សម្គាល់ ៖
ម៉ាសដែលផ្សំអំពីម្សៅរមៀត អាចបង្កឱ្យមានអុជក្រហមនៅលើស្បែក ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលប្រើប្រាស់។ ល្អបំផុត អ្នកត្រូវលាងសម្អាតគ្រឿងផ្សំនេះ បន្ទាប់ពីបានលាប លើស្បែក ២០នាទី។
ដោយ ៖ តារាប្រភព ៖ Ladyzone