ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានឱ្យដឹងថា ពួកគេបានរកឃើញវត្ថុមានពន្លឺជាច្រើនដែលអាចជាផ្កាយដុះកន្ទុយ នៅជុំវិញផ្កាយដែលនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ នេះជាសញ្ញាមួយបង្ហាញថា ផ្កាយដុះកន្ទុយក៏មានច្រើននៅឯនាយនោះដែរ គឺមិនមែនមានតែនៅជុំវិញប្រព័ន្ធព្រះអាទិត្យរបស់យើងនោះទេ។
ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ California នៅ Berkeley និងសាកលវិទ្យាល័យ Clarion នៅ Pennsylvania អេមេរិក ឱ្យដឹងថា ឧស្ម័ន និងធូលីយក្ស តែងតែនៅព័ទ្ធជុំវិញផ្កាយនានា ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ ប្រការនេះ បង្ហាញថា ផ្កាយដុះកន្ទុយក៏មានវត្តមាននៅក្នុងប្រព័ន្ធទាំងនោះ នេះបើតាមការឱ្យដឹងរបស់ទំព័រ Guardian ។
អ្នកស្រាវជ្រាវផ្នែកអវកាស របស់ សាកលវិទ្យាល័យ California នៅ Berkeley លោក Barry Welsh ថ្លែងថា ៖ នេះគឺជាការខ្វះចន្លោះ ក្នុងការស្រាវជ្រាវអំពីការកកើតរបស់ភពនានា នាពេលបច្ចុប្បន្ន។
អ្នកជំនាញការ Barry Welsh បន្ដថា ៖ យើងបានឃើញធូលីយក្ស នេះប្រហែលជាវត្ថុធាតុដំបូងនៃការ ចាប់កំណើត របស់ភព និងផ្កាយដុះកន្ទុយ។ទោះយ៉ាងនេះក្ដី អ្វីៗបានផ្លាស់ប្ដូរ នៅពេលក្រុមអ្នកជំនាញការរកឃើញ ប្រព័ន្ធផ្កាយដុះកន្ទុយថ្មី ចំនួន ៦ ដែលត្រូវបានរកឃើញចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១០ ដល់ខែវិច្ឆិកា ឆ្នាំ ២០១២ដោយប្រើប្រាស់កែវយឹត ២,១ម៉ែត្រ របស់ស្ថានិយស្រាវជ្រាវអវកាស McDonald នៅ Texas នៃសហរដ្ឋអាមេរិក។

ដោយ ៖ សីហាប្រភព ៖ KH