ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អាជ្ញាធរមានសមត្តកិច្ចចិន បានចុះត្រួតពិនិត្យហាងប៊ូហ្វេមួយកន្លែង ដោយបញ្ជាអោយបុគ្គលិកទាំងអស់ស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ ជំនួសអោយការស្លៀកពាក់ឈុតប៊ីគីនី ។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងសប្តាហ៍មុន ភោជនីយដ្ឋានប៊ូហ្វេមួយកន្លែង ដែលមានទីតាំងនៅខេត្ត Hunan ប្រទេសចិន បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងបណ្តាញអ៊ិនធើណេតដោយថៅកែ ភោជនីយដ្ឋានមួយនោះ បានសំរេចចិត្ត អោយបុគ្គលិកស្រីទាំងអស់ដែលមានសមាជិក ៣០ នាក់ ស្លៀកពាក់ជាឈុតប៊ីគីនី ក្នុងការបំរើសេវាកម្មម្ហូបអាហារអោយអតិថិជន
យ៉ាងណាមិញ បន្ទាប់ពីមានការដឹងឭ ដល់អាជ្ញាធរមានសមត្តកិច្ច មន្រ្តីជំនាញដែលមកពីក្រសួងឧស្សាហកម្ម និងសុខាភិបាល ក៏បានចុះត្រួតពិនិត្យ និង តាមដានស៊ើបអង្កេត ដោយរកអោយឃើញថា ភោជនីយដា្ឋនប៊ូហ្វេមួយកន្លែងនោះ ពិតជាបានធ្វើដូច្នេះមែន ។ តែក្រោយមកក៏មានការអន្តរាគមន៍ ពីសំណាក់មន្ត្រីជំនាញ ដោយបញ្ជា អោយពួកគេ ស្លៀកពាក់ឯកសណ្ខានចាស់វិញ។

គួររំឭកផងដែរ បើយោងតាមសម្តីថៅកែ ដែលជាម្ចាស់ហាងនោះវិញ បានគូសបញ្ជាក់អោយដឹងថា មូលហេតុដែលគាត់បានបែកគំនិតក្នុងការធ្វើបែបនេះ ក៏ព្រោះតែហាងរបស់គាត់ក្នុងមួយថ្ងៃមានអតិថិជនមិនដល់ ១០០ នាក់ផង ចាប់តាំងពីថ្ងៃបើកជាលើកដំបូង ថ្ងៃ ១៨ មីនាមកម្ល៉េះ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន