នៅចំពោះមុខការប្រមូលត្រឡប់មកវិញនូវ Galaxy Note7 ទូទាំងពិភពលោក ម្ចាស់ Galaxy Note7 ម្នាក់នៅអាមេរិក បានប្ដូរស្មាតហ្វូនរបស់ខ្លួនដើម្បីងាកទៅប្រើ Galaxy S7 edge ប៉ុន្តែ សំណាងអាក្រក់នៅតាមលងអតិថិជនម្នាក់នេះ នៅពេល Galaxy S7 edge ថ្មីបានផ្ទុះពេលកំពុងបញ្ចូលថាមពលថ្មរំលងរាត្រី។

ព័ត៌មានខាងលើត្រូវបានមិត្តអ្នកអានម្នាក់ចែករំលែកនៅលើទំព័រ PhoneArena ។ ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះនេះ បច្ចុប្បន្នកំពុងធ្វើការឱ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំមួយនៅអាមេរិក។ ប្រភពនេះបានឱ្យដឹងថា អតិថិជនម្នាក់របស់ក្រុមហ៊ុននេះបាននាំយក Galaxy S7 edge កមកាន់ផ្នែកបម្រើសេវាកម្មដើម្បីបានធានា ដោយសារតែស្មាតហ្វូនរបស់ខ្លួនត្រូវខូចព្រោះតែផ្ទុះ។

/

/

រូបភាព​ Galaxy S7 edge  ដែល​ផ្ទុះ​ឆេះពេលកំពុង​សាកថ្មរំលងរាត្រី

ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពី Samsung ប្រមូលត្រឡប់មកវិញនូវ Galaxy Note7 ទូទាំងពិភពលោក អតិថិជនម្នាក់នេះបានប្ដូរ Galaxy Note7 ទៅប្រើ Galaxy S7 edge ។ ប៉ុន្តែ Galaxy S7 edge នេះ បានឆេះ និងផ្ទុះ បន្ទាប់ពីប្រើបាន ២សប្ដាហ៍។ អតិថិជនម្នាក់នេះឱ្យដឹងថា ស្មាតហ្វូនរបស់ខ្លួនឆេះ និងផ្ទុះ ពេលគាត់កំពុងសាកថ្មរំលងរាត្រី ដោយប្រើឆ្នាំងសាកហ្ស៊ីនរបស់ Samsung។

ជនរងគ្រោះខាងលើបានទាក់ទងទៅកាន់ក្រុមហ៊ុនដែលផ្ដល់ស្មាតហ្វូនខាងលើដើម្បីរកដំណោះស្រាយ មុនពេលបុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ បានផ្ញើព័ត៌មានទៅឱ្យទំព័របច្ចេកវិទ្យា PhoneArena ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung មិនទាន់បានបញ្ចេញមតិអ្វីអំពីករណីនេះនៅឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា នេះមិនមែនជាករណីដំបូងនោះទេដែល Galaxy S7 edge ត្រូវផ្ទុះ។

កាលពីខែមុន យ៉ាងតិចមានករណីផ្ទុះ Galaxy S7 edge ចំនួនពីរត្រូវបានគេរាយការណ៍ ក្នុងនោះ មានករណីមួយនៅមជ្ឈឹមបូព៌ា និងមួយករណីនៅ ហ្វីលីពីន។

កាលពីខែឧសភាកន្លងទៅ Galaxy S7 edge មួយគ្រឿងក៏បានផ្ទុះនៅក្នុងហោប៉ៅខោរបស់បុរសម្នាក់រស់នៅក្នុងរដ្ឋ Ohio អាមេរិក បណ្ដាលឱ្យជននេះត្រូវរលាកជើង។ បុរសនេះក្រោយមកបានដាក់ពាក្យប្ដឹងទៅកាន់តុលាការប្រឆាំងនឹងក្រុមហ៊ុន Samsung។

ប្រែសម្រួល ៖ តារាប្រភព ៖ PhoneArena