ទិន្នន័យ និងរូបភាពថ្មីបំផុតដែលត្រូវបាន NASA ចុះផ្សាយ បង្ហាញថា ក្នុងអំឡុង ២០ឆ្នាំមកនេះ ផែនដីបានប្រឈមនឹងការវាយប្រហារជាបន្តបន្ទាប់រាប់រយលើក ពីសំណាក់អាចម៍ផ្កាយ មកពីលំហអវកាស។

ថ្មីៗនេះ កម្មវិធី NEO (Near Earth Object) របស់ NASA បានចេញសេចក្ដីប្រកាសជារូបភាពផែនទីមួយ ដែលកត់ត្រានូវចំនួនអាចម៍ផ្កាយ ដែលធ្លាប់បានធ្លាក់មកលើផែនដី ចាប់តាំងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៣។ លទ្ធផលខាងលើនេះ បានធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ព្រោះថា កន្លងមក មនុស្សភាគច្រើនយល់ថា ផែនដី មានសុវត្ថិភាពបំផុត។

ជាក់ស្ដែង ក្នុងរយៈពេល ២០ឆ្នាំមកនេះ ធ្លាប់មានអាចន៍ផ្កាយឆេះ ផ្សេងៗគ្នា រហូតដល់ ៥៥៦ករណី បានហោះចូលមកបរិយាកាសផែនដី និងរាយប៉ាយគ្រប់ទីកន្លែង។ ទិន្នន័យនេះ ប្រមូល បានតាមរយៈម៉ាស៊ីនសេនសឺររបស់ទីភ្នាក់ងារអវកាសអាមេរិក ដែលដាក់នៅក្នុងតំបន់ជាច្រើន ក្នុងពិភពលោក។

យោងតាមផែនទីនេះ បណ្ដាអាចម៍ផ្កាយតូចៗ បានហោះមកកាន់ផែនដី ជាបន្តបន្ទាប់ ហើយវាមានភាពខុសគ្នា ពីពេលវេលា ការប៉ះទង្គិច ឬកម្រិត និងថាមពលបំផ្លាញ។ ពណ៌និមួយៗនៃដុំចុចនៅលើផែនទី បង្ហាញអំពីពេលវេលាដែលបណ្ដាអាចម៍ផ្កាយធ្លាក់មកកាន់ផែនដី។ ចំណែកកម្រិតធំ តូច នៃដុំចុចទាំងនោះ បង្ហាញអំពីថាមពល ឬកម្លាំងរបស់អាចម៍ផ្កាយ។
ជាក់ស្ដែង បណ្ដាគ្រាប់ចុចតូចបំផុត នៅលើផែនទី គឺស្មើនឹងថាមពលប្រហែល ១GJ (GJ គឺ Giga Joules)។ គ្រាប់ចុចធំបំផុត គឺស្មើនឹងថាមពល ១លាន GJ ពោលគឺស្មើនឹងកម្លាំងម្សៅផ្ទុះ TNT ១លានតោន។

ប៉ុន្ដែ ជាការសំណាងបំផុត គឺថា ផែនដី ត្រូវបានការពារដោយបរិយាកាស។ ដូច្នេះ បណ្ដាអាចម៍ផ្កាយតូចៗ តែងតែត្រូវឆេះគ្មានសល់ មុនពេលវាអាចធ្លាក់មកដល់ដី។ ករណីមួយ ដែលត្រូវបានគេកត់សម្គាល់ នោះគឺការប៉ះទង្គិចដ៏ខ្លាំងក្លារបស់អាចម៍ផ្កាយ Chelyabinsk កាលពីឆ្នាំ ២០១៣។ អាចម៍ផ្កាយនេះ បានបំផ្លាញកញ្ចក់បង្អួចរបស់អាគារជាង ៧.២០០កន្លែង នៅក្នុងទីក្រុងចំនួន ៦ របស់រុស្ស៊ី និងបានធ្វើឱ្យមានរបួសដល់មនុស្សជាង ១.៥០០នាក់។

ក្រុមអ្នកជំនាញរបស់ NASA ឱ្យដឹងថា ផែនទីនេះ អាចនឹងបង្ហាញថា អនាគតខាងមុខ នឹងមានការរំខានជាច្រើន ពីអាចម៍ផ្កាយ ដូច្នេះ NASA និងទីភ្នាក់ងារអវកាសនានា គួរតែចាប់ផ្ដើមរៀបគម្រោង ទប់ទល់នឹងពួកវា៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Earthsky