សម្រាប់ជនល្មើសភាគច្រើន ការចុះផ្សាយរូបថតដើម្បីតាមចាប់ខ្លួនពីសំណាក់នគរបាល នឹងនាំឱ្យពួកគេឆាប់គេចខ្លួនពួនអត្មា  ពួកគេត្រូវតែជៀសក្រុមសមត្ថកិច្ច។ ក៏ប៉ុន្តែ ក៏មានជនល្មើសខ្លះ បានធ្វើផ្ទុយពីនេះ។

/

ជនល្មើសក្នុងករណីនេះ ថែមទាំងហ៊ានចូល comment លើសេចក្ដីប្រកាសតាមចាប់ខ្លួន ដែលត្រូវបានចុះផ្សាយនៅលើទំព័រ Facebook របស់នគរបាលព្រោះយល់ថា រូបថតរបស់ខ្លួនដែលនគរបាល បានចុះផ្សាយនោះ វាអាក្រក់ខ្លាំងពេក។

រឿងរ៉ាវខាងលើនេះ កើតឡើងនៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី។ នគរបាល បានចុះផ្សាយសេចក្ដីប្រកាស តាមចាប់ខ្លួនជនល្មើសម្នាក់​ ដែលមានឈ្មោះថា Danny Damon ដោយសារបានបំពានច្បាប់ចរាចរណ៍ និងមានជាប់ទាក់ទិននឹងបញ្ហាគ្រឿងញៀន។ នៅពេលនគរបាលកំពុងស្រាវជ្រាវតាមចាប់ខ្លួន ស្រាប់តែ Danny Damon លេចមុខលើ Facebook ហើយចូល comment ទៅលើសេចក្ដីប្រកាសតាមចាប់ខ្លួនរបស់នគរបាល តំបន់ ​Victoria។

ជនល្មើសបានសរសេរថា​៖ អស់លោក អាចប្រើប្រាស់រូបថតស្អាតជាងនេះ។ រូបនេះមើលទៅ វាអាក្រក់ខ្លាំងណាស់។ បុគ្គលិកនគរបាល ក៏ប្រញាប់តបវិញ ៖ សួស្ដី Daniel សូមអញ្ជើញមក កាន់ការិយាល័យនគរបាលដែលនៅជិតបំផុត ហើយយើងនឹងជួយថតរូបថ្មី។ ជនល្មើស ហាក់មិនមានការភ័យខ្លាច នៅពេល comment បន្ត ៖ ខ្ញុំក៏មានបំណងធ្វើដូច្នេះដែរ បន្ទាប់ពីទិញរបស់របរមួយចំនួន។​ សូមត្រៀមមេធាវីម្នាក់ឱ្យខ្ញុំ និងត្រៀមអ្វីៗគ្រប់យ៉ាង។

/

ថ្វីបើ Danny Damon មិនទាន់ត្រូវបាននគរបាលចាប់បានភ្លាមៗ ប៉ុន្តែ ការចូល comment របស់ជននេះ ក្នុងទំពរ Facebook បានជួយឱ្យនគរបាល កំណត់បានទីតាំងដែលជននេះកំពុងលាក់ខ្លួន។ ជននេះ អាចនៅក្នុងតំបន់ Melbourne ឬ Bendigo។ ក្រុមនគរបាលកំពុងអំពាវនាវ​ដល់សាធារណជន ឱ្យជួយផ្ដល់ព័ត៌មាន ប្រសិនដឹងថា​ ជនល្មើសនៅទីណាពិតប្រាកដ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mashable/Metro