ពេលដែលអ្នកមានសក់បែកចុង វាធ្វើឱ្យសក់របស់អ្នកស្ងួត, សំពោង, គ្មានភាពរស់រវើក និងខូច។ ដើម្បីធានាសុខភាពនិងសម្រស់ នៃសក់របស់អ្នក អ្នកត្រូវកម្ចាត់វាចោលភ្លាមៗពេលដែលអ្នកឃើញវា។ ចូរអនុវត្តតាមវិធីសាស្ត្រខាងក្រោមដើម្បីកម្ចាត់សក់បែកចុង៖

១.  តម្រឹមសក់របស់អ្នក។ វិធីតែមួយគត់ក្នុងការកម្ចាត់វាគឺការកាត់វាចោល មិនថាអ្នកឱ្យអ្នកជំនាញកាត់ឬ កាត់ដោយខ្លួនឯងនោះទេ។ អ្នកត្រូវប្រើកន្ត្រៃដែលមុតល្អមកកាត់តម្រឹមពីលើកន្លែងដែលវា ចាប់ផ្តើមបែក។ ចាប់សក់មួយដុំតូច ហើយមួលវាចុះក្រោមថ្នមៗ និងយឺតៗ។ ការធ្វើបែបនេះធ្វើឱ្យសក់បែកចុងលេចចេញមកក្រៅ។ បន្ទាប់មកប្រើកន្ត្រៃតម្រឹមសក់នោះ។

២. បន្ទន់សក់របស់អ្នក។ បន្ទាប់ពីតម្រឹមសក់ហើយ អ្នកត្រូវបន្ទន់សក់របស់អ្នក ដើម្បីផ្តល់សំណើមដល់សរសៃសក់ (ភាពស្ងួតខ្លាំងពេក អាចជាមូលហេតុនៃសក់បែកចុង) ហើយក៏ថែរក្សានូវភាពរស់រវើកនិងទម្ងន់នៃសក់ផងដែរ។ លាបថ្នាំបន្ទន់លើសក់និងស្បែកក្បាលរបស់អ្នក ហើយទុកក្នុងរយៈដែលបានកំណត់ (ជាធម្មតា រយៈពេល ២០នាទី)។ បន្ទាប់មក លាងជម្រះថ្នាំបន្ទន់ឱ្យស្អាត។ សាកល្បងបន្ទន់សក់របស់អ្នកមួយសប្តាហ៍ម្តង។

៣. ថែរក្សាសក់របស់អ្នកជាប្រចាំ។ ប្រសិនបើអ្នកចង់បញ្ឈប់ការបែកចុងនៃសក់ អ្នកត្រូវតែរក្សាការតម្រឹមសក់របស់អ្នកមួយខែម្តង។ អ្នកមិនត្រូវទុកឱ្យយូរជាង ៦សប្តាហ៍ ទើបតម្រឹមម្តងនោះទេ៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី