ភ្នំពេញៈ ជាធម្មតា នៅពេលសិល្បករ-សិល្បការិនី មានឱកាស បានចេញទៅសម្តែង នៅក្រៅប្រទេស រមែងតែងតែនាំយកនូវបទចម្រៀង ពីសម័យដើមចង្វាក់ រាំវង់ រាំក្បាច់ បង្កលក្ខណៈឲ្យបងប្អូន នៅឯក្រៅប្រទេស មានភាពសប្បាយរីករាយ ជាមួយ ការរាំច្រៀង ។ ប៉ុន្តែដោយឡែក លោក អ៊ីណូ ជាតារាចម្រៀងមាន ឈ្មោះបោះសំឡេង គួរសមមួយរូប ប្រចាំផលិតកម្ម សាន់ដេ បែរជាបង្ហើបប្រាប់ឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកមានគម្រោង ចេញទៅសម្តែង នៅក្រៅ ប្រទេស ហើយការចេញទៅសម្តែងលើកនេះ លោកមានចំណី អារម្មណ៍ប្លែកៗ និងអ្វីដែលជារបស់ខ្មែរ ទៅបង្អួត ភ្នែកមហាជន ដែលរស់នៅលើ ទឹកដីកូរ៉េ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះ លោក អ៊ីណូ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នលោកកំពុងតែ ញាប់ដៃញាប់ជើង ថតខារ៉ាអូខេ សម្រាប់វ៉ុលថ្មី ជាលក្ខណៈ Story(សាច់រឿង) ផ្ទាល់របស់លោកប្រចាំ នៅផលិតកម្ម សាន់ដេ ដោយសារតែនៅក្នុង ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ លោកមាន គម្រោង ចេញទៅសម្តែងរយៈពេលកន្លះខែ នៅប្រទេសកូរ៉េ តាមរយៈការអញ្ជើញ របស់សមាគមកូរ៉េ ។

តារាចម្រៀង អ៊ីណូ បានប្រាប់ឲ្យដឹងថា នេះជាលើកទី២ហើយ ដែលខ្ញុំមានឱកាស ចេញទៅសម្តែង នៅក្រៅប្រទេស ដោយលើកទី១ខ្ញុំចេញទៅថៃ លើកទី២នេះខ្ញុំ មានគម្រោងចេញ ទៅប្រទេសកូរ៉េ នៅក្នុងខែមេសារយៈពេល ជិត២សប្តាហ៍។ ដោយការសម្តែងនេះ ខ្ញុំមានគម្រោង យកបទចម្រៀង របស់ផលិតកម្ម សាន់ដេ ជាចង្វាក់ញាក់ យកទៅបកស្រាយ នឹងបានត្រៀមក្បាច់រាំថ្មីៗ ប្លែកៗ ដែលជារបស់ខ្មែរ យកទៅបង្អួតបរទេសថា យើងក៏មានក្បាច់រាំ ជារបស់យើង មិនចាញ់បរទេសដែរ ។

ម្ចាស់បទ “មច្ចុរាជផ្តាច់ស្នេហ៍” រូបនេះ បានប្រាប់ឲ្យដឹងថា កន្លងមកលោក មានការមមាញឹក ការងារក្នុងស្រុក មិនសូវទទួល គម្រោងចេញទៅ ក្រៅប្រទេសទេ តែពេលនេះខាង សមាគមនៅប្រទេសកូរ៉េ បានទាក់ទងអញ្ជើញ លោកទៅសម្តែងរយៈពេលខ្លី។ លោកបានត្រៀមខ្លួន និងខិតខំហាត់រៀន ក្បាច់រាំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យក្បាច់ រាំមើលទៅ រស់រវើក និងរៀនបំបែកក្បាច់រាំ ដោយខ្លួនឯង។ ម្យ៉ាងវិញទៀត ការចេញទៅក្រៅប្រទេស ក៏ជាបទពិសោធន៍ និងជាឱកាសមួយ សម្រាប់លោកក្នុង ការបង្កើនសន្ទុះកេរ្តិ៍ឈ្មោះ បានកាន់តែល្បី ជាងនេះបន្ថែមទៀត ៕

width=470

width=470

width=470

width=470

 

ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល