ស្មាតហ្វូន iPhone 7 ដែលមានតម្លៃ ១,៣ពាន់លានដុល្លារអាមេរិកនេះ នឹងត្រូវបានដាំពេជ្រ ៦០ការ៉ាត់។/នៅប្រហែលជាងមួយខែទៀត ទើប iPhone ជំនាន់ថ្មីបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុនកែច្នៃមួយនៅ Los Angeles ដែលមានឈ្មោះថា Brikk បានចាប់ផ្ដើមកម្មវិធីបញ្ជាទិញជាមុននូវកំណែ iPhone 7 លំដាប់កំពូល ដែលមានតម្លៃចាប់ពី ៤.២៩៥ដុល្លារ ដល់ ១,៣លានដុល្លារអាមេរិក។ជាការពិតណាស់ នៅពេលបច្ចុប្បន្ន បណ្ដាម៉ូដែលដែលក្រុមហ៊ុន Brikk បានបង្ហាញ គឺសុទ្ធតែជាម៉ូដែលដែលត្រូវបានធ្វើឡើង ដោយយោងទៅលើព័ត៌មានបែកធ្លាយកន្លងមក។

/ក្រុមហ៊ុនបានឱ្យដឹងថា ផលិតផល iPhone 7 លំដាប់កំពូលនេះ នឹងត្រូវបានចែកចេញជាបីកំណែ។ កំណែស្ដង់ដា (Standard) មានពណ៌ចំនួន ១០ សម្រាប់ជ្រើសរើស ហើយអតិថិជន អាចជ្រើសរើសការដាំពេជ្រនៅលើឡូហ្គូក៏បាន ទន្ទឹមនឹងនេះ ខ្នងរបស់ស្មាតហ្វូនត្រូវបានស្រោបលោហធាតុមួយប្រភេទ ជួយការពារការរលាត់។ កំណែស្ដង់ដានេះ មានតម្លៃចាប់ពី ៤.២៩៥ដុល្លារអាមេរិក។ ចំណែកកំណែ Deluxe ដែលជាកំណែលំដាប់ខ្ពស់ជាង កំណែស្ដង់ដា ដោយត្រូវបានធ្វើឡើងអំពីវត្ថុធាតុមានតម្លៃដូចជា មាស ឬ ផ្លាកទីន។គួរឱ្យចាប់អារម្មណ៍ជាងគេបំផុត នោះគឺកំណែ Bespoke ដែលមានតម្លៃឡើងដល់ ១,៣លានដុល្លារអាមេរិក។ នៅក្នុងតម្លៃនេះ iPhone 7 នឹងត្រូវបានដាំពេជ្រ ៦០ការ៉ាត។ ប្រភពព័ត៌មានឱ្យដឹងថា ស្មាតហ្វូនដែល Brikk កែច្នៃ នឹងត្រូវបានធានារយៈពេល ១ឆ្នាំ។ /តាមគម្រោង អតិថិជននឹងចាប់ផ្ដើមទទួលបានស្មាតហ្វូនដែលខ្លួនបានបញ្ជាទិញពី Brikk ប្រហែលពី ៣ ទៅ ៤សប្ដាហ៍ បន្ទាប់ពី Apple ដាក់លក់ iPhone 7 ។គួររំលឹកថា មុននេះ Brikk ក៏ធ្លាប់ទទួលបានចំណាប់អារម្មណ៍ច្រើន បន្ទាប់ពីកែច្នៃ iPhone 6s ឬ Apple Watch ដែលតម្លៃរបស់វា ឡើងដល់ ៧៥.០០០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ បុត្រា