ជំនួសឱ្យការអនុញ្ញាតឱ្យកូនទៅរៀនដូចពុកម្ដាយដទៃ គូស្វាមីភរិយាមួយគូ នៅ Cambridge ប្រទេសអង់គ្លេស បែរជាសម្រេចចិត្តឱ្យកូនឈប់រៀន ដើម្បីនាំពួកគេដើរទេសចរណ៍ជុំវិញពិភពលោក បំណងដើម្បីបង្រៀនពួកគេអំពីមេរៀនជីវិត។

/

Paul អាយុ ៣០ឆ្នាំ និងប្រពន្ធរបស់ខ្លួនឈ្មោះ Caroline King អាយុ ៣៥ឆ្នាំ ជួបគ្នាក្នុងពេលទៅទេសចរណ៍ នៅតំបន់ Kasshmir ប្រទេសឥណ្ឌា កាលពីឆ្នាំ ២០០៣ ហើយមិនយូរប៉ុន្មាន ពួកគេ ក៏បានសម្រេចចិត្តរៀបការជាមួយគ្នានៅ Gothenburg ប្រទេសស្វិស ដែលជាស្រុកកំណើតរបស់ Caroline King។

នៅពេលកូនប្រុសច្បង (Winston) របស់គូស្វាមីភរិយានេះ ចាប់កំណើតកាលពីឆ្នាំ ២០១០ ពួកគេបានចាប់​អារម្មណ៍​ទៅលើការត្អូញត្អែអំពីការសិក្សានៅសាលាមតេយ្យ ពេលមានអាយុទើបតែមួយឆ្នាំ។ ប្ដីប្រពន្ធនេះ ក៏មានគំនិតមួយ គឺឈប់ឱ្យកូនទៅរៀន តែជំនួសមកវិញ ពួកគេនឹងនាំ កូនដើរទេសចរណ៍ជុំវិញពិភពលោក ដើម្បីទទួលបានបទពិសោធថ្មី។

/

មុននេះ ១៩ខែ ប្ដីប្រពន្ធនេះបានសម្រេចចិត្តធ្វើតាមគំនិតរបស់ពួកគេ។ ពួកគេបាននាំ Winston ដែលពេលនេះមានអាយុ ៦ឆ្នាំ និងកូនប្រុសទីពីរឈ្មោះ Henry អាយុ ៤ឆ្នាំ ដើរទេសចរណ៍ជុំវិញពិភពលោក។

ប្ដីប្រពន្ធនេះបានលក់ផ្ទះរបស់ខ្លួនក្នុងតម្លៃ ២៨០.០០០ផោន។ ពួកគេឱ្យដឹងថា ពួកគេមិនមានបំណង និងមិនចង់ឱ្យកូនទៅរៀននៅសាលា ប៉ុន្តែ នឹងបង្រៀនកូនៗដោយខ្លួនពួកគេផ្ទាល់។

Paul និងប្រពន្ធរបស់ខ្លួនយល់ថា កូនៗនឹងបានរៀននូវចំណេះដឹងល្អៗជាងនៅសាលា នៅពេល បានដើរជុំវិញពិភពលោក។

/

ក្នុងអំឡុង ១៩ខែកន្លងទៅ គ្រួសារនេះ បានចូលទស្សនាប្រទេសចំនួន ១៥ រួមទាំងរ៉ូម៉ានី អារ៉ាប់រួម ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ឡាវ អាមេរិក និងសាធារណរដ្ឋឆែក។ល។ នៅពេលឈប់ លំ ហែកាយនៅឆែក គ្រួសារនេះ មានបំណងចូលទស្សនាប្រទេសអ៊ីស្លង់ មុនពេលឈានជើង ដល់ ប្រទេសអូស្ដ្រាលី។

/

Caroline King បច្ចុប្បន្ន កំពុងគ្រប់គ្រងក្រុមហ៊ុនមួយមានឈ្មោះថា Hammock Heaven មានការិយាល័យ​នៅ Cambridgeshire ប្រទេសអង់គ្លេស។ ក្រុមហ៊ុន​នេះ មានជំនាញខាង​ផលិត​ និង​ផ្គត់ផ្គង់អង្រឹង។ ប៉ុន្តែ Caroline King ធ្វើការ​ពីចម្ងាយ​ ហើយក្រុមហ៊ុន​នេះគឺជា​ប្រភព​ហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យ​គ្រួសារ​ពួកគេ​ដើរទេសចរណ៍​ជុំវិញពិភពលោក ដោយមិនមានការបារម្ភ។

ប្រែសម្រួល ៖ តារា ប្រភព ៖ Dailymail