ផ្ទៃមុខគឺពោរពេញទៅដោយសរសៃប្រសាទ និងចំណុចទាក់ទាញជាច្រើន ដូច្នេះការធ្វើម៉ាស្សាផ្ទៃមុខ គឺជារឿងចាំបាច់ ដើម្បីថែរក្សាស្បែកត្រង់កន្លែងនេះ។ សូមផ្តល់ការម៉ាស្សាមុខដល់ខ្លួនឯង ឬអញ្ជើញទៅទទួលការម៉ាស្សាពីអ្នកជំនាញ។  ខាងក្រោមនេះ យើងសូមណែនាំលោក អ្នកពីគុណប្រយោជន៍មួយចំនួននៃការម៉ាស្សាមុខ៖

ធ្វើឱ្យអារម្មណ៍ល្អជាងមុន

ការស្រាវជ្រាវធ្វើឡើងដោយវិទ្យាស្ថាន User Science Institute បានបង្ហាញថា ការម៉ាស្សាមុខ មានប្រសិទ្ធភាពកាត់បន្ថយការថប់អារម្មណ៍ និងអាចធ្វើឱ្យអារម្មណ៍អវិជ្ជមាន បានល្អប្រសើរឡើងវិញ។ ការធ្វើតេស្តផ្លូវចិត្តក្រោយរយៈពេល ៤៥ នាទីនៃការម៉ាស្សាមុខ បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ទាំងនៅក្នុងផ្លូវអារម្មណ៍ និងកម្រិតនៃថប់អារម្មណ៍ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ធ្វើឡើងកាលពីឆ្នាំ ២០០៨  ។ ការម៉ាស្សា ដែលអាចធ្វើឱ្យអារម្មណ៍ល្ហែល្ហើយ អាចជាអ្វី ដែលអ្នកត្រូវការដើម្បីកាត់បន្ថយកម្រិតនៃភាពតានតឹង។

បង្ការភាពជ្រីវជ្រួញ ភាពតានតឹងផ្លូវអារម្មណ៍ជាប្រចាំថ្ងៃ ជាញឹកញាប់នាំឱ្យមានភាពតានតឹង នៅក្នុងសាច់ដុំ។ ស្នាមជ្រីវជ្រួញអាចកើតមានចន្លោះចិញ្ចើម និងតាមចង្វែកមាត់ ប៉ុន្ដែការម៉ាស្សាមុខថ្នមៗជាប្រចាំ អាចជួយឱ្យចំណុចទាំងនោះតឹងណែន ដែលមានប្រយោជន៍ដល់ការកាត់បន្ថយស្នាមជ្រីវជ្រួញ។ ការម៉ាស្សា រួមបញ្ចូល ជាមួយនឹងការប្រើផលិតផលក្រែមផ្ដល់សំណើម អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្បែកស្ងួត។

/

ទប់ស្កាត់ការកកស្ទះផ្សេងៗ ការម៉ាស្សាបែបវេជ្ជសាស្រ្ដ អាចជួយបន្ថយអាការៈអាលែហ្សីដូចជាការកកស្ទះបំពង់ស៊ីណូស។ ការកកស្ទះស្លេស ក្នុងបរិវេណបំពង់ស៊ីណូស អាចនាំឱ្យមានសម្ពាធ  ហើមមុខ និងឈឺក្បាល។ ការស្ទីម និងការម៉ាស្សាថ្នមៗ អាចជួយសម្រួលដល់ក្រពេញបញ្ចេញធាតុរាវ ធ្វើប្រសើរជាងមុននូវការបញ្ចេញធាតុរាវ និងបន្ថយការកកស្ទះ។ សូមទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានបញ្ហាត្រង់បំពង់ស៊ីណូសធ្ងន់ធ្ងរដូចជា ការរលាកជាដើម។

/

បញ្ចេញជាតិពុលពីរាងកាយ ការម៉ាស្សាមុខ ជួយរំញោចដល់បំពង់ផ្លូវទឹករងៃ និងជួយសម្រួលដល់ការកាត់បន្ថយជាតិពុលចេញពីផ្ទៃមុខ។ ប្រព័ន្ធទឹករងៃដើរតួនាទីយ៉ាងសំខាន់ នៅក្នុងទំហែទាំសុខភាព។ ទឹករងៃ គឺជាសារធាតុរាវថ្លា ដែលកាត់បន្ថយជាតិពុលចេញពីរាងកាយ។ វាត្រូវបានច្រុះតាមរយៈក្រពេញទឹករង៉ៃ និងបញ្ជូនទៅកាន់ចរន្តឈាម ជាកន្លែង ដែលជាតិពុល អាចត្រូវបានបញ្ចេញចោល។  មនុស្ស ត្រូវការចាំបាច់នូវចលនាសាច់ដុំដើម្បីរុញច្រានទឹករងៃតាមរយៈរាងកាយ។ កង្វះចលនាសាច់ដុំ អាចបណ្តាលឱ្យប្រព័ន្ធទឹករងៃ ចុះទន់ខ្សោយ និងកពូនជាតិពុល។ ក្រពេញទឹករងៃជាច្រើន មានពាសពេញផ្ទៃមុខ ជាពិសេសនៅតាមគែមចង្កា និងថ្គាម ៕

/

ប្រែសម្រួល ៖ សារ៉ាត់

ប្រភព៖ livestrong