ក្រោយពីឆក់ទូរស័ព្ទបានហើយ ឃើញម្ចាស់ទូរស័ព្ទផ្ញើសារមកសុំលោះទូរស័ព្ទវិញ ចោរឆក់ម្នាក់ បានស្នើយុវតីម្ចាស់ទូរស័ព្ទ ព្រមរួមភេទជាមួយខ្លួន ទើបប្រគល់ទូរស័ព្ទឲ្យវិញ។

ប៉ូលិសខណ្ឌ Tu Liem ទីក្រុង Ha Noi ប្រទេស វៀតណាម ទើបតែធ្វើការបញ្ចប់ការស៊ើបអង្កេតទៅលើជនសង្ស័យឈ្មោះ Nguyen Huu Thuan (អាយុ ៣០ឆ្នាំ រស់នៅខេត្ត Nam Dinh) ក្នុងបទលួចទ្រព្យសម្បត្តិ អ្នកដទៃ។

ប្រភពពីប៉ូលិសបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ៣១ ខែមីនា កន្លងទៅនេះ យុវតីឈ្មោះ TranThi Ngoc Thuy ជាសិស្សរៀនថ្នាក់ទី១២ នៅខណ្ឌ Tu Liem ក្នុងពេលធ្វើដំណើរមកពីរៀនវិញត្រូវបានចោរម្នាក់ ឆក់ទូរស័ព្ទមួយគ្រឿង ម៉ាក iPhone 4S បានសំរេច។

ដោយសង្ឃឹមថា ចោរនោះនឹងឲ្យនាងធ្វើការលោះទូរស័ព្ទវិញ នៅថ្ងៃទី​ ០១ ខែមេសា Thuy បានខ្ចីទូរស័ព្ទមិត្តភក្តិរបស់ខ្លួន បានសាកល្បងផ្ញើសារទៅលេខ នៅក្នុងទូរស័ព្ទដែលត្រូវចោរឆក់បាត់នោះ ស្រាប់មានសញ្ញាវិជ្ជមាន ពោលគឺចោរឈ្មោះ Thuan បានផ្ញើសារតបមកវិញថា នឹងយល់ព្រមប្រគល់ទូរស័ព្ទឲ្យវិញ បើសិនណា ព្រមឲ្យរួមភេទមួយយប់។

Thuy បានក្លែងជាឆ្លើយយល់ព្រម និងបានប្តឹងប៉ូលិស ដើម្បីទៅចាប់ឈ្មោះ Thuan នេះនៅផ្ទះសំណាក់ដែលចោរនោះបានណាត់ជាមួយម្ចាស់ទូរស័ព្ទ។ ដោយយល់ឃើញថា ម្ចាស់ទូរស័ព្ទ នឹងមកជាមួយសាច់ញាតិ និងប្តឹងប៉ូលិសចាប់ខ្លួនមិនខាន Thuan បានផ្ញើសារទៅជនរងគ្រោះ ប្តូរទីណាត់ជួបដល់ទៅបួនដង ក្នុងគោលបំណងបង្វែងដាន គ្រួសារជនរងគ្រោះ និងប៉ូលិស។ ប៉ុន្តែ បើទោះជាយ៉ាងណា ចោរម្នាក់នេះ នៅតែមិនអាចគេចផុតពីដៃប៉ូលិសបានឡើយពោលគេត្រូវចាប់ខ្លួនបាននៅកន្លែងណាត់ជួប ទីបួននោះឯង។

នៅចំពោះមុខប៉ូលិស ដំបូងឡើយ Thuan មិនបានសារភាពទេ ដោយនិយាយថា ខ្លួនគ្រាន់តែជាអ្នកមកចាំទទួលយក នារីម្នាក់នេះ ទៅឲ្យអ្នកផ្សេងប៉ុណ្ណោះ។ ប៉ុន្តែទីបំផុត គេក៏សារភាពថាបន្ទាប់ពីឆក់ទូរស័ព្ទបានហើយ ខ្លួនក៏បានឆែកមើលក្នុងទូរស័ព្ទឃើញ ម្ចាស់ទូរស័ព្ទ ជាក្មេងស្រីស្អាត ដោយគិតថាម្ចាស់ទូរស័ព្ទប្រាកដជាទាក់ទងមកលេខនេះវិញ ខ្លួនក៏បានយកលេខរបស់ជនរងគ្រោះនោះ មកដាក់ក្នុងទូរស័ព្ទរបស់ខ្លួន ពេលម្ចាស់ទាក់ទងមក នឹងទាមទារជាថ្នូរនៃការប្រគល់ទូរស័ព្ទឲ្យវិញ ជាមួយនឹងការរួមភេទមួយយប់។ ប៉ុន្តែសំរាប់ទូរស័ព្ទ (iPhone 4S)របស់ជនរងគ្រោះវិញ ខ្លួនបានលក់បាត់ទៅហើយ។

width=350ចោរឆក់ទូរស័ព្ទឈ្មោះ Nguyen Huu Thuan

អ្វីៗពិតដូចនឹង អ្វីដែលខ្លួនបានគិត ពោលគឺម្ចាស់ទូរស័ព្ទ ពិតជាទាក់ទងមកសុំលោះទូរស័ព្ទវិញមែន។ ខ្លួនក៏បានធ្វើតាមគំរោង តែទីបំផុតក៏ត្រូវបានប៉ូលិសចាប់ខ្លួនបាន៕

ដោយ៖ សិលាប្រភព៖ VE