ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ កណ្ដាលទី២ បានឃាត់ខ្លួន ចោរឆក់ទូរស័ព្ទ ដៃ ចំនួនពីរនាក់ កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅមុខរោងភាពយន្ដព្រហ្មបាយ័ន ផ្លូវលេខ ១៥៤ ភូមិទី៩ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ ដែលជនសង្ស័យទាំងពីរនាក់នេះ  ម្នាក់រៀននៅវិទ្យាល័យវត្ដកោះ និង ម្នាក់ ទៀតរៀននៅវិទ្យាល័យសន្ធរម៉ុក។

មន្ដ្រីនគរបាលប៉ុស្ដិ៍   ផ្សារកណ្ដាលទី២ បាន ឱ្យដឹងថា ជនសង្ស័យទី ១ ឈ្មោះហ៊ុល សុវណ្ណ រតនៈ អាយុ១៩ឆ្នាំ មុខរបរ ជាសិស្សវិទ្យាល័យវត្ដកោះ រៀនថ្នាក់ទី១២C ស្នាក់នៅផ្ទះជាន់ទី៤ ផ្លូវលេខ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងជនសង្ស័យទី២ ឈ្មោះពៅ ឡងឌីមុខរបរជាសិស្សនៅវិទ្យាល័យសន្ធរម៉ុក  ថ្នាក់ទី១២ C  ស្នាក់នៅផ្ទះលេខ ១០១ ផ្លូវលេខ៤៧៨ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចនៅម៉ោងកើតហេតុ នោះ ខណៈជនរងគ្រោះ កំពុងជិះស៊ីក្លូតែម្នាក់ឯង ចេញពីផ្សារកណ្ដាល   លុះដល់ចំណុចកើតហេតុ  ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស   ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ  1BJ-7430 ហើយអ្នកអង្គុយពីក្រោយបានធ្វើសកម្មភាពឆក់ពីជនរងគ្រោះ ។

ពេលនោះជនរងគ្រោះ   ស្រែកថា  ចោរៗ  ហើយជនសង្ស័យទាំងពីរ ដោយភ័យស្លន់ស្លោរ បានបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី បណ្ដាលឱ្យដួល ហើយត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមផ្លូវ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ  បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល