iPhone 7 មួយគ្រឿង បានបង្ហាញខ្លួននៅក្នុងក្រុងសៃហ្គន ប្រទេសវៀតណាម មុននឹងវាត្រូវបានឧទ្ទេសនាមជាផ្លូវការនៅអាមេរិក នាថ្ងៃទី ៧កញ្ញាខាងមុខ។
iPhone 7 ដែលបង្ហាញខ្លួននៅវៀតណាមនេះ គឺជាកំណែអេក្រង់ 4,7 inch មានរចនារូបរាងដូចទៅនឹងព័ត៌មានដែលបានបែកធ្លាយកន្លងមក។ iPhone 7 នេះ ត្រូវបាននាំចូលពីបរទេសរបស់ហាងលក់ស្មាតហ្វូនដ៏ល្បីឈ្មោះមួយនៅក្រុងសៃហ្គន ដែលជាកំណែផ្លូវការ។ ស្មាតហ្វូននេះ អាចដំណើរការបាន និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS 10។ ដោយសារ iPhone 7 មិនទាន់ត្រូវបានឧទ្ទេសនាមជាផ្លូវការ ដូច្នេះ ហាងលក់ស្មាតហ្វូនខាងលើ មិនអនុញ្ញាតឱ្យថតរូប ឬថតវីដេអូរបស់ iPhone 7 នេះ។

iPhone 7 បង្ហាញខ្លួននៅវៀតណាម មានរូបរាងដូចទៅនឹងព័ត៌មានបែកធ្លាយកន្លងមក (រូបថត ៖ BGR
អំពីទំហំ iPhone 7 មិនមានភាពខុសគ្នាប៉ុន្មាន បើធៀបនឹង iPhone 6/6s ប៉ុន្តែ កាមេរ៉ារបស់វា ធំជាងមុន នឹងលយចេញមកក្រៅច្រើនជាងមុន។ ជាពិសេស លើកនេះ Apple មានបន្ថែមកំណែពណ៌ខ្មៅរលើប ដែលមានអង់តែនពណ៌ដូចសម្បកទូរស័ព្ទ បង្កជាភាពមាំមួន ក៏ដូចជាមានភាពស្របគ្នាជាងមុន។
កាមេរ៉ាថ្មីរបស់ iPhone 7 អាចថតវីដេអូ 4K។ មុខងារទប់ទល់នឹងជម្រាបទឹកក៏ត្រូវបានបំពាក់នៅលើ iPhone 7 នេះ។ ផលិតផលនេះ ក៏លែងមានរន្ធដោតកាស 3,5 mm ដូចព័ត៌មានចចាមអារ៉ាមកន្លងមក។
ចំនុចពិសេសមួយទៀត គឺ ប៊ូតុង Home ដែលត្រូវបានផ្លាស់ប្ដូរ ពោលគឺអ្នកមិនចាំបាច់ចុចដូចមុន ដោយគ្រាន់តែប៉ះដូចនៅលើ Macbook បើទោះវានៅមានរូបរាង និងទំហំដូចមុន៕
ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress