ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស (i4u) ដែលបានចេញផ្សាយនូវអត្ថបទមួយ បានអោយដឹងថាកាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១២នេះ មានហេតុការណ៍ផ្ទុះឆេះរោងចក្រស្បែកជើងមួយកន្លែង នៅក្នុងខេត្ត Lahore ភាគខាងកើត ប្រទេស ប៉ាគីស្ថាន ដែលបានបណ្តាលអោយមនុស្ស ១៩ នាក់បានស្លាប់បាត់បង់ជីវិត នឹងច្រើននាក់ផ្សេងទៀត បានរងរបួស។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា ជនរងគ្រោះទាំងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lahore's Meo Hospital ដែលស្ថិតនៅក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ផងដែរថា ក្រុមការងារបច្ចុប្បន្នកំពុងបំពេញការងាររបស់ខ្លួន ខណៈដែលមានមនុស្សជាច្រើនត្រូវបានជាប់គាំង ក្រោមគំនរបាក់បែកក្នុងរោងចក្រ ។ ប្រភពដដែលបានបញ្ជាក់ថា មានមនុស្ស ៣០ ទៅ ៤០ នាក់ កំពុងធ្វើការក្នុងរោងចក្រ នៅពេលហេតុការណ៍ភ្លើងឆេះកំពុងកើតមាន ។ ដោយឡែក រហូតមកទល់ពេលនេះ មូលហេតុដែលបានបណ្តាលអោយមានអគ្គីភ័យនេះមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ i4u