ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីសារព័ត៌មាននៅហុងកុងផ្សាយកាលពីថ្ងៃទី១០ធ្នូអោយដឹងថា ចំនួនគូស្នេហ៍ដែលត្រៀមរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២នេះ បានធ្លាក់ចុះខ្លាំងធៀបនឹងគូស្នេហ៍ ដែលរៀបការនៅក្នុងថ្ងៃទី១១ វិច្ឆិកា ២០១១ ។ តាមរបាយការណ៍ ពីនាយកដ្ឋានអត្រានុកូលដ្ឋានបញ្ជាក់ថា មានគូស្នេហ៍ចំនួន៦៩៦គូ បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃពុធ ទី១២ ធ្នូ ដោយធ្លាក់ចុះចំនួន៣០៦ គូ ធៀបនឹងស្ថិតិក្នុងថ្ងៃទី ១១ វិច្ឆិកា ២០១១ ដែលមានចំនួន១០០២ គូ ។ ចំនួនគូស្នេហ៍ ដែលរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១០តុលា ២០១០ មាន ៨៥៩ គូ ។

គួររំឭកផងដែរថា នៅក្នុងក្បួនតម្រាហុងស៊ុយមានជំនឿថា ថ្ងៃទី១០ តុលា ២០១០ជានិមិត្តរូបនៃភាពមាន «ស្តុកស្តម្ភ» ខណៈថ្ងៃទី ១១ តុលា ២០១១ ជានិមិត្តរូបនៃស្នេហា «អមតៈ» ប៉ុន្តែសម្រាប់ថ្ងៃទី១២ ធ្នូ ២០១២ មានអត្ថន័យ ថា «ស្នេហា ឬក្តីស្រឡាញ់» មិនមែនតួលេខសិរីមង្គលដែលសមប្រកបក្នុងការរៀបអាពាហ៍ពិពាហ៍ទេ ។លោក សេមមី អ៊ូ មនុស្សម្នាក់ក្នុងចំណោមអ្នកជំនាញផ្នែកហុងស៊ុយដ៏ល្បីរបស់ហុង កុង ថ្លែងថា ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ប្រៀបបាននឹងថ្ងៃនាំលាភសំណាងទូទៅតែប៉ុណ្ណោះ សម្រាប់ថ្ងៃដ៏ល្អសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍បំផុត គឺថ្ងៃទី១៨ និង៣១ ធ្នូ ។

ទាក់ទងនឹងរឿងលេខសំណាងនោះ គូស្នេហ៍ហុងកុងជាច្រើនគូមិនសូវចាប់អារម្មណ៍លើការព្យាកររបស់ អ្នកជំនាញខាងហុងស៊ុយឡើយ ដោយផ្តល់ពីហេតុផលថា ត្រូវរៀបអាពាហ៍ពិពាហ៍ឱ្យបានមុនថ្ងៃទី២១ ធ្នូ ព្រោះជាថ្ងៃដែលមនុស្សទូទៅមានជំនឿចិត្តថាជាថ្ងៃរលាយផែនដី៕
ដោយ ៖ ពិសីកែសម្រួលអត្ថបទពី ៖ kstp