ក្រុមគ្រូពេទ្យនៅភាគខាងជើងប្រទេសឥណ្ឌា បានវះកាត់ យកកូនកាំបិតចំនួន ៤០ ចេញពីពោះរបស់មន្ដ្រីនគរបាលម្នាក់ នេះបើតាមទំព័រ Times of India ។

/នាយនគរបាលម្នាក់ឈ្មោះ Surjeet Singh អាយុ ៤២ឆ្នាំ ត្រូវចូលមន្ទីរពេទ្យ ព្រោះតែឈឺពោះ មិនឃ្លានអាហារ និងអស់កម្លាំង នេះបើតាមសំដីវេជ្ជបណ្ឌិត Jatinder Malhotra អគ្គនាយកនៃមន្ទីរពេទ្យAmritsar ។

យោងតាមទំព័រ Times of India ក្រុមគ្រូពេទ្យបានឆ្លុះអេកូក្រពះ និង ក របស់ Surjeet Singh ក៏ស្រាប់តែឃើញកូនកាំបិតជាច្រើននៅក្នុងក្រពះរបស់អ្នកជម្ងឺនេះ។ ក្រុមគ្រូពេទ្យយល់ថា អ្នកជម្ងឺនេះ មានបញ្ហាផ្លូវចិត្ត បណ្ដាលឱ្យលេបកាំបិតចំនួន ៤០ ចូលក្នុងពោះ រយៈពេលពីរខែកន្លងមកនេះ។

/

Surjeet Singh ឱ្យដឹងថា ខ្លួនចាប់ផ្ដើមមានទម្លាប់លេបកូនកាំបិត បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយ ហើយថា គាត់លេបកាំបិត ព្រោះតែឃ្លានវា។ Surjeet Singh ថ្លែងថា “ខ្ញុំបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅ Chandigarh ហើយមិនអាចដើរបានដូចធម្មតា។ ខ្ញុំត្រូវអង្គុយមួយកន្លែង ហើយក៏ចាប់ផ្ដើមលេបកាំបិត។ វាគ្រាន់តែឈឺបន្តិចប៉ុណ្ណោះ”។

ក្រុមវេជ្ជបណ្ឌិត ក្នុងនោះមានទាំង Malhotra បានវះកាត់ និងយកកាំបិតចំនួន ៤០ ចេញពីពោះរបស់អ្នកជម្ងឺ។ វេជ្ជបណ្ឌិត Malhotra ប្រាប់ថា កូនកាំបិតមួយចំនួន ត្រូវច្រេះចាប់។

/

វេជ្ជបណ្ឌិត Malhotra បានឱ្យដឹងថា ៖ “រយៈពេល ២០ឆ្នាំក្នុងការធ្វើជាគ្រូពេទ្យ នេះគឺជាការវះកាត់ដ៏គួរឱ្យភ័យខ្លាចបំផុតដែលខ្ញុំធ្លាប់ជួបប្រទះ”។ ក្រុមគ្រូពេទ្យបានប្រាប់ថា នាយនគរបាលខាងលើ បានរួចផុតពីគ្រោះថ្នាក់ហើយ។

ប្រែសម្រួល ៖ បុត្រា