ម៉ូដែលស្មាតហ្វូនតម្លៃទាបថ្មីមួយ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្ហាញខ្លួន គឺប្រើប្រាស់ស៊ុមធ្វើពីលោហធាតុ មានកម្មវិធីស្កេនក្រយាវដៃ តែតម្លៃទាបបំផុត។
ក្រុមហ៊ុន Meizu ទើបតែបានឧទ្ទេសនាមស្មាតហ្វូន Meizu M3S ដែលជា “សិស្សប្អូន” របស់ Meizu M3 និង Meizu M3 Note ដែលបានត្រូវដាក់លក់កាលពីខែមេសាកន្លងទៅ។

Meizu M3S មានសម្បកធ្វើអំពីអាលុយមីញ៉ូម ដែលមានរូបរាងកោងមូល ចំណែកផ្នែកខាងមុខ ត្រូវបានការពារដោយស្រទាប់កញ្ចក់ 2.5D រួមនឹង Fingerprint Scanner ស្ថិតនៅត្រង់ប៊ូតុង Home។

កម្មវិធី mTouch 2.1 អនុញ្ញាតឱ្យអ្នកប្រើក្រយាវដៃដើម្បីដំណើរការកិច្ចការជាច្រើនផ្សេងៗគ្នា ដូចជា បើកសោទូរស័ព្ទ ទូទាត់ប្រាក់កាស។ល។ ក៏មាននៅលើ Meizu M3S។ រីឯថាមពលថ្មរបស់ស្មាតហ្វូននេះ ឡើងដល់ 3020 mAh។

Meizu M3S ប្រើប្រាស់អេក្រង់ 5 inch ដែលមានរីសូលូសឹន HD 720p។ ស្មាតហ្វូននេះ ដំណើរការដោយប្រូសេសឺរ 8-core 1,5GHz MT6750 របស់ MediaTek។ Meizu M3S មានអង្គចងចាំចំនួនពីរប្រភេទសម្រាប់ជ្រើសរើស គឺ ប្រភេទ 2GB RAM + 16GB ROM និងប្រភេទ 3GB RAM + 32GB ROM។ កាមេរ៉ាក្រោយ មានទំហំ 13MP និងភ្លើងហ្វ្លាស LED Dual-Tone។ ចំណែកកាមេរ៉ាមុខ មានទំហំ 5MP អាចជួយឱ្យការថតរូប កាន់តែមានគុណភាព។

តម្លៃលក់របស់ Meizu M3S កំណែ 2GB RAM/ 16GB ROM គឺ ៦៩៩យ័ន ប្រហែល ១០៦ដុល្លារអាមេរិក ចំណែកកំណែ 3GB RAM/ 32GB ROM គឺ ៨៩៩យ័ន ប្រហែលនឹង ១៣៦ដុល្លារអាមេរិក។ Meizu M3S នឹងចាប់ផ្ដើមដាក់លក់នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៨មិថុនាខាងមុខ។
ប្រែសម្រួល ៖ បុត្រា