ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យច្រើនជាង ១០០ នាក់ និងរថយន្តពន្លត់អគ្គីភ័យ ៣៥ គ្រឿង បានចេញប្រតិបត្តិការណ៍របស់ខ្លួនមួយរំពេច បន្ទាប់ពីមានគ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើង អំឡុងពេលនៃការផ្ទុះឆេះរោងចក្រកែច្នៃបា្លស្ទិចមួយកន្លែង នៅឯតំបន់ West Midlands ភាគខាងកើតក្រុង Birmingham ប្រទេសអង់គ្លេស នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា សម្ភារៈប្លាសិ្ទចកែច្នៃ ដែលមានទម្ងន់ដល់ទៅ ៥០,០០០ តោន ត្រូវបានឆាបឆេះខ្ទេច ក្នុងឧបទ្ទេវហេតុ ផ្ទុះឆេះរោងចក្រដ៏សន្ធោសន្ធៅមួយនេះ។
ការផ្ទុះឆេះមួយនេះ ត្រូវបានគេមើលឃើញ ទូទាំងតំបន់ West Midlands
លើសពីនេះ បើយោងតាមសម្តីលោក Huw Jones ដែលត្រូវជាអ្នកជំនួយការផ្ទាល់របស់ក្រុមវេជ្ជបណ្ឌិត អោយដឹងថា គាត់ក៏មានវត្តមាននៅទីនោះផងដែរ អំឡុងពេលនៃការកើតមានការផ្ទុះឆេះរោងចក្រដ៏ធំមួយនេះ ស្របពេលដែលរថយន្តពន្លត់អគ្គីភ័យ ៣៥ គ្រឿងបានទៅដល់កន្លែងកើតហេតុ ក្នុងការចេញយុទ្ធនាការរំលត់របស់ខ្លួន។
ដោយឡែក បើទោះជាមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅយ៉ាងនេះក៏ដោយ ក្រុមប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ មិនទាន់មានគម្រោងភៀសខ្លួនចេញនៅឡើយនោះទេ ។ទន្ទឹមនឹងនេះ បើតាមការអោយដឹងពី នាយកដ្ឋានពន្លត់អគ្គីភ័យ អោយដឹងថា អង្គភាពមួយនេះ បានទទួលទូរស័ព្ទ ផ្តល់ជាព័ត៌មានថា មានករណីផ្ទុះឆេះរោងចក្រមួយនេះ ដល់ទៅ ១៤៥ ដងឯណោះ ។ ដោយឡែក បើនិយាយពីមូលហេតុនៃការផ្ទុះឆេះរោងចក្រកែច្នៃប្លាស្ទិចមួយនេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ