នារីម្នាក់រស់នៅក្នុងទីក្រុង Shenzhen ប្រទេសចិន បានក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គមនៃប្រទេសនេះ បន្ទាប់ពីរឿងរ៉ាវដែលនាងមានសង្សារ ២០នាក់ក្នុងពេលតែមួយដើម្បីរកប្រាក់ទិញផ្ទះ ត្រូវបានបែកធ្លាយ។

នារីដែលមានឈ្មោះថា Xiaoli បានធ្វើឱ្យបណ្ដាញសង្គម Sina Weibo (ចិន) មានភាពក្ដៅគគុក បន្ទាប់ពីរឿងរ៉ាវដែលនាងមានសង្សារម្ដង ២០នាក់ ត្រូវបានគេចែករំលែក។
Xiaoli បានស្នើឱ្យបុរស ២០នាក់ដែលនាងកំពុងទាក់ទង ទិញ iPhone 7 ម្នាក់មួយគ្រឿងឱ្យនាង ក្រោយមក នាងក៏បានលក់ទូរស័ព្ទទាំងនេះ ដែលមានតម្លៃសរុប ១៧.០០០ដុល្លារអាមេរិក ហើយបានប្រើប្រាស់ប្រាក់ទាំងនេះដើម្បីកក់ប្រាក់ទិញផ្ទះមួយខ្នងនៅជាយក្រុង។
ហេតុការណ៍នេះត្រូវបានគេយកមកបង្ហាញ ដោយមិត្តរួមការងារម្នាក់របស់ Xiaoli ដែលមានរហ័សនាមថា Proud Qiaoba បានបង្ហោះព័ត៌មាននេះនៅលើ blog ដ៏ល្បីឈ្មោះរបស់ចិន ឈ្មោះ Tian Ya Yi Du ។
Proud Qiaoba បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា “អ្នកទាំងឡាយក្នុងការិយាល័យ កំពុងតែជជែកគ្នាអំពីរឿងនេះ។ តើមាននរណាដឹងបានថា សង្សារទាំងឡាយរបស់នាងគិតយ៉ាងណា នៅពេលព័ត៌មាននេះ ត្រូវបានបើកកកាយជាសាធារណៈ?”។
Proud Qiaoba បានឱ្យដឹងថា Xiaoli កើតនៅក្នុងគ្រួសារក្រីក្រមួយ ដែលមានម្ដាយជាមេផ្ទះ និងឪពុកជាកម្មករ។
Proud Qiaoba បន្តថា “បច្ចុប្បន្ន ឪពុកម្ដាយរបស់ Xiaoli មានអាយុច្រើនណាស់ទៅហើយ។ ជាមួយនឹងតួនាទីជាបងស្រី Xiaoli កំពុងរងសម្ពាធនៃក្ដីសង្ឃឹមថានឹងអាចទិញផ្ទះតូចមួយសម្រាប់គ្រួសារ។ល។ ប៉ុន្តែ គេស្ទើរតែមិនអាចជឿបានថា នាងប្រើប្រាស់វិធីសាស្ដ្រនេះ”។
នៅពេលរឿងរ៉ាវស្ដីអំពី Xiaoli ត្រូវបានចែករំលែក មនុស្សជាច្រើនបានសំដែងការមិនសប្បាយចិត្តទៅនឹងសកម្មភាពរបស់នាង ដោយយល់ថា ការមានសង្សារ ២០នាក់ក្នុងពេលតែមួយគឺជារឿងដែលមិនអាចទទួលយកបាន។ មនុស្សមួយចំនួនគិតថា នេះគឺជាសកម្មភាពបើកប្រាស់។
ទោះជាយ៉ាងនេះក្ដី ក៏មានអ្នកខ្លះគាំទ្រទង្វើរបស់ Xiaoli ដោយយល់ថា នាងត្រូវរងសម្ពាធពីគ្រួសារ ទើបបង្ខំចិត្តធ្វើបែបនេះ។ ក្រៅពីនេះ ក៏មានអ្នកខ្លះយល់ថា នាងគឺជានារីស្រស់ស្អាត និងឆ្លាតវៃ ទើបអាចមានសង្សារ២០នាក់ក្នុងពេលតែមួយ។
អ្នកលេងបណ្ដាញសង្គមចិនម្នាក់បានសរសេរថា “ខ្ញុំមិនអាចរកបានសង្សារសូម្បីតែម្នាក់ ចំណែកនាងមានសង្សារដល់ទៅ២០នាក់ក្នុងពេលតែមួយ ហើយជាងនេះនាងថែមទាំងអាចស្នើឱ្យពួកគេទិញ iPhone ឱ្យខ្លួនម្នាក់មួយគ្រឿង។ ខ្ញុំពិតជាចង់ពឹងនាងឱ្យបង្រៀនខ្ញុំអំពីជំនាញនេះ”។
ប្រែសម្រួល ៖ តារាប្រភព ៖ BBC