បុរសម្នាក់នៅ Mexico បានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីគ្រួសាររបស់គាត់បានធ្វើពិធីបូជាសព ទទួលធាតុ និងទទួលស្គាល់ថា គាត់បានស្លាប់។
លោកតា Miguel Angel Gomar De Luna អាយុ ៧៤ឆ្នាំ បានរត់ចេញពីមណ្ឌលថែទាំចាស់ជរា ដើម្បីទៅផឹកស្រា។ គាត់ដេកតាមចិញ្ចើមផ្លូវ និងសុំទានដើម្បីបានប្រាក់មកទិញស្រាផឹក។ ក្រោយការស្វែងរកជាច្រើនខែ នគរបាលបានហៅទូរស័ព្ទទៅកាន់គ្រួសាររបស់លោកតា Miguel ប្រាប់ថា ពួកគេបានរកឃើញសាកសពម្នាក់កំពុងរលួយ ដែលមានរូបរាងដូច Miguel។

លោកតា Miguel Angel Gomar De Luna បានវិលត្រឡប់មកផ្ទះ បន្ទាប់ពីបូជាសពបានពីរខែ
កូនស្រីរបស់ Miguel ភ្លាមនោះក៏បានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែ ដោយសារសាកសពបានរលួយ ដូច្នេះ ពួកគេមិនប្រាកដ ១០០% ថា នេះជាសាកសពលោកតា Miguel ។ យ៉ាងនេះក្ដី នគរបាលនិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យគ្រួសារយកសាកសពទៅបូជា បើសិនមិនទទួលស្គាល់ថានេះពិតជាសាកសពលោកតា Miguel។ ដូច្នេះ កូនស្រីរបស់លោកតា Miguel ក៏បានចុះហត្ថលេខាទទួលស្គាល់ថា នេះពិតជាសាកសពលោកតា Miguel មែន។ គ្រួសាររបស់លោកតា Miguel បានធ្វើបុណ្យបូជាសពឱ្យលោកតា។
ប៉ុន្តែ នៅថ្ងៃទី ២៤កុម្ភៈ គ្រួសារលោកតា Miguel មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានទទួលទូរស័ព្ទមួយដែលប្រាប់ថា លោកតា Miguel នៅមានជីវិត។
លោកតា Miguel បានវិលត្រឡប់មកផ្ទះក្នុងសភាពស្រវឹងស្រា និងមានបិទបង់ពាសពេញក្បាល ដោយសារតែរបួស។ លោកតា Miguel និយាយដោយសម្លេងស្រវឹងថា “ពួកគេគិតថា ខ្ញុំបានស្លាប់ ប៉ុន្តែ គ្រាន់តែដើរហើរដើរទៀតតែប៉ុណ្ណោះ”។
កូនស្រីរបស់លោក គឺអ្នកស្រី Lucero Gomar Ramos ថ្លែងថា “អ្នកប្រហែលជាមិនដឹងថា យើងខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងណានោះទេ នៅពេលនគរបាលប្រាប់ថា ពួកគេបានឃើញឪពុកខ្ញុំនៅតាមដងផ្លូវ។ ខ្ញុំស្ទើរតែមិនអាចជឿបាន។ អ្នកណាៗក៏គិតថា គាត់បានស្លាប់ហើយដែរ”៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ mirror