អតីតកីឡាករ និងគ្រូបង្វឹករបស់ Real លោក Jorge Valdano បានបញ្ចេញវោហាស័ព្ទសង្គ្រាម នៅមុនការប្រកួត El Clasico កើតឡើង ដោយប្រកាសថា យុគសម័យរបស់ Barcelona បានបញ្ចប់ ហើយពេលនេះ គឺជាយុគសម័យរបស់ Real Madrid ។

Valdano ឱ្យតម្លៃខ្ពសើទៅលើ Real មុន “មហាសង្គ្រាម” El Clasico
Barcelona គឺជាក្លឹបមួយដែលឈរលំដាប់លេខមួយរបស់អេស្ប៉ាញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដណ្ដើមបានពានរង្វាន់ជើងឯក La Liga ចំនួន ៤ ក្នុងចំណោម ៥រដូវកាលចុងក្រោយនេះ។ ប៉ុន្ដែ នៅក្នុងរដូវកាលឆ្នាំនេះ ក្រុមបាល់ទាត់ Barcelona កំពុងតែមានសញ្ញា “ឈរនៅមួយកន្លែង” នៅពេលបណ្ដោយខ្លួន ឱ្យធ្លាក់មកលំដាប់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ ដោយមានគំលាត ៤ពិន្ទុ ធៀបនឹងក្រុមកំពូលតារាង គឺ Real Madrid ។ នៅមុន “មហាសង្គ្រាម” El Clasico រវាង Barcelona និង Real Madrid លើវាលស្មៅ Bernabeu នាយប់ ថ្ងៃអាទិត្យសប្ដាហ៍នេះ អតីតកីឡាករ និងគ្រូបង្វឹករបស់ Real លោក Jorge Valdano បានប្រកាសជាសាធារណៈ នូវពាក្យពេចន៍ ប្រៀបដូចជាយកអំបិលទៅលាបនឹងរបួសរបស់ Bacelona ក៏ដូចជាអ្នកគាំទ្រក្រុមនេះ ដោយយល់ថា យុគសម័យរបស់ Barca បានបញ្ចប់។លោក Valdano ថ្លែងថា ៖ “ការប្រកួតនេះ នឹងជួយឱ្យក្រុម Real វិលត្រឡប់មកវិញ ក្រោយពីត្រូវស្ថិតក្រោមស្រមោលរបស់ Barca មួយរយៈពេលវែង។ Real កំពុងតែមានកម្លាំងខ្លាំងឡើងៗ ចំណែក Barca កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃយុគសម័យរបស់ពួកគេ។ ការប្រកួតដ៏ធំ នាពេលខាងមុខនេះ នឹងជាឱកាសល្អ ដើម្បីឱ្យ Real បញ្ជាក់ថា ខ្លួន ខ្លាំងជាង Barca ហើយស័ក្ដិសមនឹងក្លាយជាបេក្ខភាពកំពូល សម្រាប់ពានរង្វាន់នារដូវកាលនេះ”។បុរសវ័យ ៥៨ឆ្នាំរូបនេះ ក៏បានទទួលស្គាល់ថា ភារកិច្ចបច្ចុប្បន្នរបស់ Gerardo Martino គឺមានការលំបាក ព្រោះថា រចនាសម្ព័ន្ធកីឡាកររបស់ Barca នៅពេលនេះ មិនមានសមត្ថភាពខ្លាំងដូចប៉ុន្មានឆ្នាំមុន ក្នុងនោះ កាលពីឆ្នាំ ២០១០ កំពូលតារាឆ្នើមបំផុត ក្នុងពិភពលោក សុទ្ធតែបានទៅលើ Barca ៖ Lionel Messi, Xavi និង Andres Iniesta ។

តើ Real ឬ Barca ជាអ្នកឈ្នះក្នុង មហាសង្គ្រាម El Clasico នៅចុងសប្ដាហ៍នេះ?
ទន្ទឹមនឹងនេះ Valdano ក៏បានវាយតម្លៃមិនខ្ពស់ប៉ុន្មាន ទៅលើកំពូលថ្វីជើង Neymar របស់ Barca ដោយសារ នៅក្នុងដំណាក់កាលនេះ Neymar កំពុងជួបការលំបាក ក្នុងក្រុម ៖ “គេនៅក្មេង និងត្រូវឡោមព័ន្ធដោយបញ្ហា នៅខាងក្រៅវាលស្មៅ។ ក្រៅពីនេះ Neymar ក៏នៅមានបញ្ហាចម្បងមួយទៀត គឺមានទំនាក់ទំនងមិនល្អប៉ុន្មាន ជាមួយ Messi៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Goal/Diez