នារីជាអ្នកបង្ហាញម៉ូដម្នាក់របស់ចិន មានរូបរាងតូច បានបង្កើតឯតទគ្គកម្ម នៅពេលនាងហូបបាយស អស់ ៤គីឡូក្រាម នៅចំពោះមុខអ្នកទស្សនា។

/

Mi Zijun កំពុងក្លាយជានារីម្នាក់ ត្រូវបានគេស្វែងរកច្រើនបំផុតនៅប្រទេសចិន ដោយសារតែឯតទគ្គកម្ម “ហូបបាយបានច្រើន” របស់ខ្លួន នេះបើតាមទំព័រ Shanghaiist។ បើទោះជាមានរូបរាងតូចស្ដើងប៉ុន្តែ ការហូបចុករបស់នាង គឺអាចប្រៀបបានទៅនឹងអ្នកពន្លត់អគ្គីភ័យដែលបានហូបមីអស់មួយចានជ័រធំ ដែលមានឈ្មោះល្បីនៅប្រទេសចិន កាលពីសប្ដាហ៍មុន។

/

នៅក្នុងការប្រកួតសមត្ថភាពដែលត្រូវបានធ្វើឡើងនៅ Hangzhou កាលពីថ្ងៃទី ៤សីហា នាងជាអ្នកបង្ហាញម៉ូដ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ខាងលើ បានបង្កើតឯតទគ្គកម្ម នៅពេលនាងហូបបាយអស់ ៤គីឡូក្រាម។ នៅលើទំព័រ Meipai ដែលជាបណ្ដាញសង្គមចែករំលែកវីដេអូរបស់ចិន នាង Mi Zijun មានអ្នកតាមដានជាងកន្លះលាននាក់។ Mi Zijun បានចែករំលែកវីដេអូជាច្រើនរបស់ខ្លួន ដើម្បីបង្ហាញអំពីសមត្ថភាពហូបចុកដែលកម្រនឹងមានមនុស្សធ្វើដូច។

/

មនុស្សជាច្រើនដែលតាមដាន Mi Zijun បានឱ្យដឹងថា ពួកគេស្រដៃចង់បាននូវសមត្ថភាពហូបបាយបានច្រើនដូច Mi Zijun។ ក្នុងចំណោមវិដេអូដែល Mi Zijun បានចែករំលែក គេឃើញថា វីដេអូដែលបង្ហាញអំពីការហូបនំគួងអស់ចំនួន ១០៨នំ ឬការហូបមីអស់ចំនួន ១២កញ្ចប់ និងការហូបនំផ្អែមអស់ចំនួន ៥២ដុំ គឺជាបណ្ដាវីដេអូដែលមានអ្នកទស្សនាច្រើនបំផុត។

ប្រែសម្រួល ៖ បុត្រា