ប៊ូតុង Home ថ្មីនឹងត្រូវបានបំពាក់មុខងារជំនួយដល់ការប្រើកាយវិការបញ្ជា និង Touch ID។ការប្ដូរប៊ូតុងថ្មីនេះ នឹងជួយឱ្យ Apple ងាយស្រួលក្នុងការធ្វើឱ្យ iPhone 7 មិនជ្រាបទឹក។
យោងតាមរូបភាពបែកធា្លយនៅលើទំព័រ MobiPicker ផ្នែកខាងមុខរបស់ស្មាតហ្វូនដែលត្រូវគេជឿថាជា iPhone 7 មានរូបរាងប្រហាក់ប្រហែលនឹង iPhone6s ក្រៅតែពីការប្ដូរផ្លាស់តិចតួច ដូចជា ផ្ទៃខាងលើ និងខាងក្រោមអេក្រង់ មានលក្ខណៈចង្អៀតជាងមុន។ ប៉ុន្តែ ចំនុចសំខាន់របស់ iPhone 7 នេះ នោះគេ គ្រាប់ប៊ូតុង Home រឹង បានត្រូវបំបាត់ ហើយជំនួសមកវិញគឺប៊ូតុងបែបថាច់ ដែលដាក់នៅផ្នែកខាងក្រោមនៃកញ្ចក់ tempered glass។

ប្រភពព័ត៌មានបានអះអាងថា ប៊ូតុង Home នេះ នៅតែបំពាក់សេនសឺរស្កេតក្រយៅដៃ Touch ID ហើយទន្ទឹមនឹងនេះ វាក៏ត្រូវបានបន្ថែមមុខងារច្រើនទៀត ដូចជា មុខងារបើកអ៊ីនធឺរហ្វេសដើម្បីប្ដូរទីតាំង App ឬការចុចជាប់ ដើម្បីដំណើរការកម្មវិធី Siri ។ល។
នេះមិនមែនជាលើកទីមួយនោះទេដែលមានព័ត៌មានចចាមអារ៉ាមស្ដីអំពីប៊ូតុង Home ត្រូវប្ដូរផ្លាស់។ កាលពីខែមេសា ឆ្នាំ ២០១៦ ទំព័រ Digitimes បានយោងទៅលើប្រភពមួយឱ្យដឹងថា Apple នឹងធ្វើបែបនេះ ដើម្បីងាយស្រួលក្នុងការផលិតស្មាតហ្វូនដែលអាចទប់ទល់នឹងការជ្រាបទឹក និងធូលី។
តាមការសន្និដ្ឋាន ភាគរយនៃការប្ដូរផ្លាស់ប៊ូតុង Home ធម្មតា ទៅជាប៊ូតុងថាច់ របស់ Apple នៅលើ iPhone 7 នេះ គឺមានខ្ពស់។

សូមបញ្ជាក់ថា តាមគម្រោង iPhone 7 នឹងបង្ហាញខ្លួននៅដើមខែកញ្ញា ឆ្នាំនេះ។ iPhone 7 នេះ នឹងមានរូបរាងមិនខុសគ្នាប៉ុន្មាន បើធៀបនឹង iPhone 6s ក្រៅតែពីខ្សែអង់តែន ដែលត្រូវបាន “កាច់កោង” ឡើងទៅជ្រុងទូរស័ព្ទ ហើយមានទំហំតូចជាងមុន និងមានបន្ថែមកំណែពណ៌ខៀវ។ iPhone 7 អាចនឹងត្រូវបំពាក់មុខងារទប់ទល់នឹងជម្រាបទឹក និងធូលី។ ក្រៅពីនេះ រន្ធដោតកាស គ្រឿងម៉ាស៊ីន ក៏ត្រូវគេជឿថា នឹងមានលក្ខណៈខ្លាំងជាងមុន ខណៈដែលថាមពលថ្មក៏ប្រសើរជាងមុនផងដែរ។
ប្រែសម្រួល ៖ បុត្រា