រូបភាពនារីវ័យក្មេងម្នាក់ស្លៀកតែខោក្នុង ចូលមកធ្វើលិខិតស្នាមដើម្បីឡើងយន្ដហោះរបស់ក្រុមហ៊ុន Virgin America (អាមេរិក) បានបង្កឱ្យមានការរិះគន់ នៅលើប្រព័ន្ធអ៊ីនធឺរណែត។

អ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើលចំពោះការបង្ហាញខ្លួនរបស់នារីវ័យក្មេងម្នាក់ដែលស្លៀកតែខែទ្រនាប់ ឈរនៅមុខកន្លែងលក់សំបុត្រយន្ដហោះរបស់ក្រុមហ៊ុន Virgin America ។ នាងពាក់អាវដៃវែង ប៉ុន្តែ អាវនេះមិនបានគ្របដណ្ដប់ជិត លើរង្វង់ទីបីរបស់នាងនោះទេ។

/រូប​ភាព​ដែលត្រូវបាន​គេ​ជជែក​វែកញែកច្រើន នៅលើប្រព័ន្ធ​អ៊ីធឺរណែត 

រូបភាពនេះ ក្រោយមកត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម បណ្ដាលឱ្យមានការរិះគន់ទៅលើសម្លៀកបំពាក់មិនធម្មតារបស់នាង។

មនុស្សជាច្រើនយល់ថា នេះគឺជាសិទ្ធិឯកជនរបស់នាង ក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលខ្លួនចូលចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានមនុស្សជាច្រើនបញ្ចេញមតិថា ព្រលានយន្តហោះ និងយន្តហោះ គឺជាទីសាធារណៈ ដូច្នេះ អ្នករាល់គ្នាត្រូវតែស្លៀកពាក់ឱ្យបានសមរម្យ។

អ្នកលេងបណ្ដាញសង្គមម្នាក់ លើកជាសំនួរថា “តើម៉ាស៊ីនត្រជាក់នៅក្នុងព្រលានយន្ដហោះ មានបញ្ហាឬ បានជានាងត្រូវស្រាតខោក្រៅចេញ ដើម្បីកុំឱ្យក្ដៅស្អុះ” ព្រោះថា នៅក្នុងរូបថតនេះ គេក៏បានឃើញថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ ក៏ប្រើកង្ហារដល់ទៅពីរ។

បន្ទាប់ពីហេតុការណ៍នេះបានធ្វើឱ្យកក្រើកនៅលើអ៊ីនធឺរណែត តំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin America ក៏បានចេញមកបកស្រាយ ៖ “យើងខ្ញុំត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពខុសប្លែកបន្តិច បើធៀបនឹងក្រុមហ៊ុនដទៃ ដូច្នេះ យើងខ្ញុំសូមទទួលស្វាគមន៍រាល់អតិថិជន។ យើងខ្ញុំតែងតែចង់ឱ្យអតិថិជនទាំងអស់ ទទួលបានផាសុកភាពបំផុតនៅលើដំណើរហោះហើរជាមួយយើងខ្ញុំ”។

វានឹងមិនមានអ្វីត្រូវនិយាយនោះទេ បើសិនជាហេតុការណ៍នេះ មិនបានកើតឡើងបន្ទាប់ពីស្ដ្រីជាអតីតគ្រូបង្រៀនម្នាក់ ដោះរ៉ូបរបស់ខ្លួនដែលកំពុងស្លៀក នៅពេលដើរកាត់ម៉ាស៊ីនស្កេននៅព្រលានយន្តហោះ Stansted ក្រុងឡុង ប្រទេសអង់គ្លេស។

/

ព្រលានយន្តហោះ តែងតែមានមនុស្សច្រើន ដូច្នេះ ការ​ស្លៀកពាក់​សិចស៊ីពេក នឹង​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល

ហេតុការណ៍បានកើតឡើងនៅពេលស្ដ្រីម្នាក់នេះ ត្រូវបានក្រុមសន្តិសុខឆែកឆេរ ដោយសង្ស័យថា នាងលាក់របស់ហាមឃាត់។ ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួន នាងក៏បានដោះរ៉ូបដែលខ្លួនកំពុងពាក់នោះចេញ។ ប៉ុន្តែ ក្រោយមក នាងក៏ត្រូវបាននគរបាលចាប់ខ្លួន ព្រោះតែបាន “ស្រាត” នៅចំពោះមុខមនុស្សជាច្រើនក្នុងព្រលានយន្តហោះ។

កាលពីដើមខែមិថុនាកន្លងទៅ ក៏មានករណីប្រហាក់ប្រហែលនេះកើតឡើង។ ស្ដ្រីអ្នករបាំម្នាក់ក៏ត្រូវបានបុគ្គលិក ហាមមិនឱ្យឡើងយន្តហោះ ព្រោះតែនាងស្លៀកខោខ្លីហួសពេក។

ប្រែសម្រួល ៖ បុត្រា