អ្នកពេញនិយមប្រើប្រាស់ទូរសព្ទទំនើប iPhone ជិតនឹងបានប្រើម៉ាកថ្មីទំនើបចុងក្រោយរបស់ក្រុមហ៊ុនApple ហើយ ដោយសារតែផ្ទាំងអាយខុនតូច ដែលបង្ហាញរូបរាងថ្មីសន្លាងរបស់ iPhone X ដែលមិនទាន់ទាំងបានប្រកាសចេញលក់ផងនោះ បានផុស នៅក្នុងកម្មវិធីសូហ្វែរចុងក្រោយ iOS 12 beta។

រូបរាងដ៏ថ្មីសន្លាងនៃម៉ូដែល iPhone នេះ ត្រូវបានបញ្ចេញឱ្យឃើញដោយអ្នកអភិវឌ្ឍកម្មវិធីសូហ្វែរ iOS របស់ក្រុមហ៊ុន Apple ដែលបានបង្ហោះរូបភាព នៅលើបណ្ដាញ Twitter ។

/

ទោះយ៉ាងណាក្ដី បើមើលតាមរាងសណ្ឋាន ​បង្ហាញនៅលើអាយខុន វាមិនទាន់ឃើញអ្វីគួរឱ្យទាក់ទាញខ្លាំងប៉ុន្មាននៅឡើយទេ ក៏ប៉ុន្ដែលក្ខណៈស្រដៀងគ្នានេះ កម្មវិធីសូហ្វែររបស់ក្រុមហ៊ុន Apple ធា្លប់បានបំផុសគម្រោងចេញលក់ផលិតផលរបស់ខ្លួន លើទីផ្សារដែរ កាលពីពេលមុនៗ ហើយក៏បានដាក់លក់ដូចការគ្រោងទុកមែន។

/

ជាឧទាហរណ៍ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានទម្លាយគម្រោងដាក់លក់ឧបករណ៍បំពងសម្លេងឆ្លាតវៃ HomePod និងស៊េរី iPhone X  អំឡុងពេលដែលក្រុមហ៊ុននេះប្រកាសឱ្យប្រើប្រាស់កម្មវិធីសូហ្វែរថ្មីជាលើកដំបូងរបស់ខ្លួន ហើយនៅដើមឆ្នាំ ២០១៨ ឧបករណ៍ទំនើបទាំងពីរប្រភេទនេះ ក៏ចេញលក់ក្នុងទីផ្សារ ដូចការគ្រោងទុកមែន។

របាយការណ៍ជាច្រើន បានពន្លយឱ្យដឹងថា ក្រុមហ៊ុនយក្ស Apple គ្រោងនឹងបញ្ចេញលក់ទូរសព្ទ iPhone ស៊េរីថ្មីចំនួន ៣ ម៉ូតលើទីផ្សារ ដោយបូករួមទាំងឧបករណ៍ទំនើបខ្លាំង ដែលមានរាងដូច iPhone X បច្ចុប្បន្ន គ្រាន់តែថា វាមានទំហំអេក្រង់ ៦.៥ អ៊ីញ ធំជាងម៉ូដែលបច្ចុប្បន្ន។ អ្នកពេញនិយមប្រើ iPhone បានហៅទូរសព្ទម៉ូដែលថ្មីនោះថា iPhone X Plus ក៏ប៉ុន្ដែយើងមិនទាន់ច្បាស់ទេថា ក្រុមហ៊ុន Apple នឹងដាក់ឈ្មោះវា ថាដូចម្ដេច។

/

ទាក់ទងនឹងការលេចធ្លាយព័ត៌មាននេះ ក្រុមហ៊ុន Apple មិនទាន់អាចឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយនៅឡើយទេ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ សុីអិនប៊ីសុី