ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែតុលា នេះ ដោយលើកឡើងសម្តី របស់មន្រ្តីប៉ូលិសទីក្រុងប៉េកាំងថា អ្នកបើកបរ រថយន្ដម្នាក់ និងអ្នករួម ដំណើរពីរនាក់ទៀត បានស្លាប់ បន្ទាប់ពីរថយន្ដប្រភេទ ហ្ស៊ីប មួយគ្រឿងបានបុករះចូលទៅ ក្នុង ហ្វូងមនុស្ស ហើយក៏បានផ្ទុះឆេះឡើង នៅមុខវេទិកា ធៀនអានមិន នៅក្នុងទីប្រជុំជន នៃទីក្រុង ប៉េកាំងនៅថ្ងៃចន្ទនេះតែម្តង។
ភ្ញៀវទេសចរ១១នាក់ និងមន្ត្រីប៉ូលិសជាច្រើនទៀត បានរងរបួស ដោយសាររថយន្ដ ម៉ាក ហ្ស៊ីប នេះ ដែលវាបានបុករះ ទម្លុះបង្កាន់ដៃសុវត្ថិភាព នៃស្ពានជិនសួរ ហើយក៏បានផ្ទុះបង្កជាអណ្ដាត ភ្លើង នៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់។ នេះបើយោងតាម មន្រ្តីអាជ្ញាធរក្រុង និង មជ្ឈមណ្ឌលវេជ្ជសាស្រ្ត សង្រ្គោះបន្ទាន់ នៅទីក្រុងប៉េកាំង បានរាយការណ៍។
ប៉ូលិសបានមកដល់ កន្លែងកើតហេតុ និងអគ្គិភ័យក៏បានពន្លត់ភ្លាមៗ ជាមួយគ្នានោះដែរ ហើយ ដោយឡែកជនរងគ្រោះ ទាំង១១នាក់ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យនៅជិតនោះ។ ក្រុមមន្រ្តី ប៉ូលិសក៏បានចាប់ផ្ដើម ធ្វើការស៊ើបអង្កេត ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់នេះ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-014/that-0387.jpg width=500]()
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល